ភ្នំពេញ ៖ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីស្ត្រីម្នាក់ខណៈកំពុងជិះឡំប្រឺតា តែឆក់មិនបានសម្រេចព្រោះត្រូវអ្នកបើកឡំប្រឺតាកាច់ចង្កូតឱ្យប៉ះម៉ូតូជនសង្ស័យដួល ធ្វើឱ្យជនសង្ស័យភ័យក៏រត់ចោលម៉ូតូគេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០ នាទីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២២ នៅចំណុចមុខអគ្គបញ្ជាការកងទ័ពជើងគោក បញ្ឆិតផ្នែកខាងលិច តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បេីតាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឱ្យដឹងថា មុនកើតហេតុរូបគាត់ និងប្តីរួមនឹងស្ត្រីជាបងថ្លៃម្នាក់ទៀតជិះឡំប្រឺតាពណ៌សមួយគ្រឿង ពាក់ស្លាកលេខស្វាយរៀង1O-7796 ចេញពីលេងបងប្អូននៅម្ដុំវត្តស្លែងតាមផ្លូវជាតិលេខ៣ ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញនៅខណ្ឌឫស្សីកែវ ដោយប្ដីគាត់ជាអ្នកបើកឡំប្រឺតា ចំណែករូបគាត់និងបងថ្លៃអង្គុយនៅខាងក្រោយ ដោយធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្សុីពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើក៏មានបងប្អូនខលមក ហើយពេលរូបគាត់ដកទូរស័ព្ទម៉ាកOPPOមួយគ្រឿងមកនិយាយ ស្រាប់តែលេចមុខជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកzoomer- x ពណ៌ក្រហម លាយស ពាក់ស្លាកលេខភ្នំពេញ1CB-4559មកពីក្រោយធ្វើសកម្មភាពឆក់យកទូរស័ព្ទដែលគាត់កំពុងតែនិយាយ ប៉ុន្តែមិនបានសម្រេចទេ ដោយរូបគាត់បានទាញទូរស័ព្ទមកវិញ ខណៈនោះប្ដីរបស់គាត់កំពុងតែបើកឡំប្រឺតសឃើញសភាពមិនស្រួលបានកាច់ចង្កូតឱ្យប៉ះចង្កូតម៉ូតូជនសង្ស័យបណ្តាលឱ្យដួលទៅលើថ្នល់ រួចក៏នាំគ្នាចុះដេញវាយធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោរត់ចោលម៉ូតូបាត់ដោយបន្សល់ទុកម៉ូតូនៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយក៏យកម៉ូតូជនសង្ស័យទៅរក្សាទុកជាបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាពដើម្បីធ្វើការស្រាវជ្រាវរកជនសង្ស័យយកមកផ្តន្ទាទោសទៅតាមច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ