ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សង្ស័យប្រេីប្រាស់គ្រឿងញៀន​ដល់កម្រិត​ លួចចូលផ្ទះប្រជាពលរដ្ឋហើយយកកាំបិតទៅកាប់ស្ត្រីម្នាក់តែមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់សង្ស័យប្រេីប្រាស់គ្រឿងញៀន​ដល់កម្រិត​ បានលួចឡើងទៅលើផ្ទះប្រជាពលរដ្ឋ ខណៈដែលម្ចាស់ផ្ទះត្រឡប់មកផ្ទះវិញឃើញជនសង្ស័យនៅលើផ្ទះរបស់ខ្លួនក៏បានស្រែកថាចោរៗ ទើបធ្វើឱ្យជនសង្ស័យភ័យរត់ឡើងលើដំបូលផ្ទះ រួចហើយលោតចុះមកវិញចូលក្នុងឃ្លាំងមួយកន្លែង យកកាំបិតទៅកាប់ស្ត្រីម្នាក់ដែលកំពុងដេក តែមិនសម្រេចឡើយ។

   ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០៨:៤៥នាទីព្រឹកថ្ងៃទី២៥ខែមីនា​ឆ្នាំ២០២២នេះ​ នៅចំណុចឃ្លាំងមួយកន្លែង​ស្ថិតនៅផ្ទះលេខ៥៥៨ ភូមិព្រែកតាគង់​ សង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ។

   តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់​សង្ស័យប្រេីប្រាស់គ្រឿងញៀន​ដល់កម្រិត​ បាត់ម្ចាស់ការគ្រប់គ្រងខ្លួនឯងលែងបានៗឡេីងទៅសំងំលេីផ្ទះប្រជាពលរដ្ឋ ហើយត្រូវបានម្ចាស់ផ្ទះក្រឡេកឃេីញស្រែក​ថាចោរៗ​ ធ្វេីឱ្យជនសង្ស័យ​ភ័យស្លន់ស្លោ​ស្ទុះរត់ឡេីងទៅលេីដំបូលផ្ទះ រួចលោតពីផ្ទះមួយទៅផ្ទះមួយទៀត បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាឡោមព័ទ្ធ​ជនសង្ស័យ។ ខណៈនោះជនសង្ស័យបានលោតចុះមកក្រោមវិញ​ ហើយរត់ចូលក្នុងឃ្លាំងមួយកន្លែង​យកបានកាំបិត​ចំនួន២​កាន់នៅដៃ។លុះពេលក្រឡេកឃេីញស្ត្រីម្នាក់កំពុងដេកជាមួយកូន​ក្នុងបន្ទប់​ស្នាក់នៅក្នងឃ្លាំងនោះ  ជនសង្ស័យ​ក៏រត់ចូលទៅប៉ុនប៉ងកាប់​ស្ត្រីម្នាក់នោះ តែត្រូវបានអ្នកជិតខាងចូលទៅជួយទាន់ពេលវេលា​ បណ្តាលឱ្យត្រូវតែជេីងបន្តិចបន្តួចប៉ុណ្ណោះ  រីឯជនសង្ស័យត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនប្រគលឱ្យកម្លាំងសមត្ថកិច្ចដើម្បីចាត់ការតាមនីតិវិធីច្បាប់។

    បច្ចុប្បន្នជនសង្ស័យត្រូវបាននាំខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖