ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងកសិកម្មរង់ចាំទូរស័ព្ទទាន់ហេតុការណ៍សម្រាប់រាយការណ៍បទល្មើសជលផលជាក់ស្តែង

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍សម្រាប់រាយការណ៍បទល្មើសជលផលជាក់ស្តែង។ 

    ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មានជ្រាបថា អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេស ប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តឆ្នាំ២០២២ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងចាត់វិធានការយ៉ាងម៉ឹងម៉ាត់ក្នុងការបង្ក្រាបបទល្មើសជលផលនៅជុំវិញបឹងទន្លេសាបឱ្យមាន ប្រសិទ្ធភាពខ្ពស់ ពិសេសបទល្មើសអួនអូសទឹកសាបឆក់ត្រជាក់ និងបទល្មើសដទៃទៀតដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ ធនធានជលផល។ ក្នុងន័យនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្នើសាធារណជន និងបណ្តាញសារព័ត៌មាន ដែលបានជួបប្រទះបទល្មើសជាក់ស្តែង សូមរាយការណ៍បន្ទាន់តាមប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍(HotLine) លេខ៖ ០១២ ៩៩៥ ៦៦៥/០១៧ ៧៣៥ ១៦៩ / ០១២ ៨៧១ ០៧១។

សេចក្ដីដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបណ្តាញសារព័ត៌មាននានាជ្រាប និងសហការតាមការគួរ ៕

                          

ដោយ ៖ សុខ ខេមរា


ចែករំលែក៖