ព័ត៌មានទាន់ហេតុការណ៍៖

សិង្ហបុរីបើកទ្វារទេសចរណ៍ដូចមុនពេលផ្ទុះកូវីដ-១៩

ចែករំលែក៖

នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លីសៀងឡុង បានលើកឡើងពីជំហានថ្មីបំផុតរបស់រដ្ឋាភិបាល គឺមិនបង្ខំឱ្យពលរដ្ឋពាក់ម៉ាស់នៅទីសាធារណៈទៀតឡើយពេលធ្វើដំណើរ។ ចំណែកនៅតាមព្រំដែននឹងបើកទ្វារធម្មតាដូចមុនពេលផ្ទុះកូវីដ-១៩អ៊ីចឹង។

នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃទី២៤ខែមីនា នាយករដ្ឋមន្ត្រីលី សៀងឡុងបានបញ្ជាក់ថា ប្រទេសរបស់លោកនឹងដើរទៅមុខមួយជំហានទៀតដើម្បីរស់នៅជាមួយកូវីដ-១៩ ។ ការអនុម័តច្បាប់ពាក់ម៉ាស់នៅទីសាធារណៈដែលអនុវត្តកាលពីខែមេសាឆ្នាំ២០២០រហូតមកទល់ពេលនេះគឺដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ នៅពេលនេះការពាក់ម៉ាស់មិនមែនជាការបង្ខំទៀតឡើយ។
នាយករដ្ឋមន្ត្រីសិង្ហបុរីបានលើកឡើងថា «ជីវភាពរស់នៅបានវិលត្រឡប់មកធម្មតាវិញ ពលរដ្ឋបានជួបជុំគ្នាជាទ្រង់ទ្រាយធំជាមួយគ្រួសារ មិត្តភក្តិ…។ ចំណែកបុគ្គលិកធ្វើការនៅការិយាល័យ ក៏បានបង្កើនចំនួនផងដែរ។
សិង្ហបុរីជាប្រទេសនាំមុខនៅក្នុងគម្រោងរស់នៅដោយសុវត្ថិភាពជាមួយកូវីដ-១៩ ។ កាលពីខែកុម្ភៈឆ្នាំ២០២២ សិង្ហបុរីមានករណីឆ្លងខ្ពស់បំផុតដោយមានអ្នកឆ្លងកូវីដ -១៩ ជាង២៦ពាន់នាក់។ នៅថ្ងៃទី២៣ខែមីនា ប្រទេសនេះក៏បានរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន៩ពាន់នាក់ផងដែរ ប៉ុន្តែអ្នកឆ្លងមិនមានចេញអាការៈនោះឡើយគឺឆ្លងស្រាលតែប៉ុណ្ណោះ។ សិង្ហបុរីមានពលរដ្ឋប្រមាណ៩២%បានចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូស និង ៧១%បានចាក់ដូសទីបី ៕ ដោយ៖ ធីរីណា

ប្រភពរូបថត៖ vneconomy


ចែករំលែក៖