ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិតរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសអបអរសារទរ «ទិវាសប្តាហ៍កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២២»

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឱកាសដ៏ឧត្ដុង្គឧត្តមនៃខួបគម្រប់៦ឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង តាងនាមឱ្យ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមានសេចក្តីសោមនស្ស និងសូមប្រសិទ្ធពរដ៏កក់ក្តៅផ្ញើជូនប្រជាជននៃ បណ្តាប្រទេសមេគង្គ-ឡានឆាង ឱ្យទទួលបាននូវសុខភាពល្អ សុភមង្គល និងវិបុលសុខ ហើយខ្ញុំពិតជាមាន កិត្តិយសក្នុងការចែករំលែកនូវទស្សនៈផ្ទាល់របស់ខ្ញុំ នាឱកាសនៃ«ទិវាសប្ដាហ៍កិច្ចសហប្រតិបត្តិការមេគង្គ ឡានឆាងឆ្នាំ២០២២» នេះ។

ជាបឋម យើងចាំបាច់ត្រូវទទួលស្គាល់នូវការកើនឡើងនូវភាពសំខាន់នៃតំបន់មេគង្គ-ឡានឆាង ដែលជា“ប៉ូលកំណើន”នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកដ៏មានថាមភាព ដោយផ្អែកលើភាពសំខាន់នៃភូមិសាស្ត យុទ្ធសាស្ត្រ ទំហំសេដ្ឋកិច្ច និងសក្តានុពលទីផ្សារដ៏មហិមា។ កិច្ចសហការយ៉ាងជិតស្និទ្ធ និងសាមគ្គីភាព របស់យើងនៅក្នុងរយៈពេលប្រាំមួយឆ្នាំកន្លងមក បានអនុញ្ញាតឱ្យកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រក្សាបានសន្ទុះអភិវឌ្ឍន៍ ជំរុញសេដ្ឋកិច្ចបំពេញបន្ថែម និងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងវប្បធម៌ ដែលជាធាតុផ្សំដ៏សំខាន់ក្នុងការកសាងសហគមន៍មួយឱ្យកាន់តែបើកចំហ ប្រកបដោយបរិយាបន្ន និងចីរភាព និងមានអនាគតរួមគ្នាប្រកបដោយសន្តិភាព និងវិបុលភាព។

យើងទើបតែបានបញ្ចប់ការអនុវត្តផែនការសកម្មភាពប្រាំឆ្នាំ (២០១៨-២០២២) ហើយយើងកំពុង រៀបចំកិច្ចសហប្រតិបត្តិការនាដំណាក់កាលបន្ទាប់ ដោយផ្តោតលើរបៀបវារៈអភិវឌ្ឍន៍ដែលយកសំខាន់លើ ប្រជាជន។ ក្នុងគោលបំណងធានានូវប្រភពកំណើនថ្មី ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចសកល និងតំបន់មានការវិវត្ត យ៉ាងឆាប់រហ័ស យើងផ្តោតការយកចិត្តទុកដាក់លើសម្រេចឱ្យបាននូវខ្សែក្រវ៉ាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ ឡានឆាង និងច្រករបៀងពាណិជ្ជកម្មអន្តរជាតិថ្មីតាមផ្លូវគោក-សមុទ្រ សំដៅលើកកម្ពស់ និងពង្រឹងកិច្ចខិតខំ ប្រឹងប្រែងនៃការធ្វើសមាហរណកម្មនៅក្នុងតំបន់។ យើងបានកត់សម្គាល់ថាតម្រូវការអភិវឌ្ឍរបស់យើងនឹង បណ្តាលឱ្យមានផលប៉ះពាល់ដល់ធនធានធម្មជាតិ ដូច្នេះហើយយើងនឹងប្រឹងប្រែងរួមសហការគា្នលើការ គ្រប់គ្រងប្រកបដោយចីរភាពនូវធនធានទឹក និងការគ្រប់គ្រងគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងបាតុភាព អាកាសធាតុដ៏ធ្ងន់ធ្ងរផ្សេងៗទៀត។

ខ្ញុំក៏មានសេចក្តីរីករាយផងដែរដោយបានឃើញការបំពេញបន្ថែមនៃកិច្ចសហប្រតិបត្តិការមេគង្គ ឡានឆាងជាមួយនឹងយន្តការអនុតំបន់មេគង្គដទៃទៀត ជាពិសេសកិច្ចសហប្រតិបត្តិការអេកម៉ិក និងមហាអនុតំបន់មេគង្គ ក្នុងការជំរុញការផ្លាស់ប្តូរអនុតំបន់ និងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន។ តាមរយៈ មូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កម្ពុជាទទួលបានអត្ថប្រយោជន៍ពីគម្រោងចំនួន ៦៧ ដែលមានទំហំទឹកប្រាក់សរុបប្រមាណជាង ២០លានដុល្លារអាមេរិក ដោយបានគាំទ្រសកម្មភាពកិច្ច សហប្រតិបត្តិការយ៉ាងទូលំទូលាយក្នុងវិស័យអភិវឌ្ឍន៍ជនបទ ការកាត់បន្ថយភាពក្រីក្រ ធនធានទឹក កសិកម្ម ការតភ្ជាប់ផ្លូវអាកាស ការអប់រំ ការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ស្ថិតក្នុងកាលៈទេសៈនៃការរាតត្បាតនៃជំងឺកូវីដ-១៩ និងវិបត្តិសុខាភិបាលសកល កម្ពុជាសូមវាយ តម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសចិន តាមរយៈការបង្កើតសហគមន៍សុខភាពសាធារណៈមេគង្គ ឡានឆាង និងតួនាទីឈានមុខក្នុងការផ្ដល់ឱសថ ការផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្ត្រ និងវ៉ាក់សាំងកូវីដ-១៩ រាប់លានដូស មកកាន់បណ្តាប្រទេសមេគង្គបានទាន់ពេលវេលា ជាពិសេសសម្រាប់កម្ពុជាគឺបានរួមចំណែក ដល់ភាពជោគជ័យក្នុងការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងដោយសម្រេចបានអត្រាចាក់វ៉ាក់សាំងប្រមាណ ៩២% និងការបើកប្រទេសឡើងវិញ។ សមិទ្ធផលទាំងនេះគឺជាសក្ខីភាពដ៏រឹងមាំនៃប្រសិទ្ធភាព និងភាព ពាក់ព័ន្ធនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

ស្របពេលដែលកម្ពុជាជាប្រធានអាស៊ាននាឆ្នាំនេះ យន្តការកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងកាន់តែរួមចំណែកដល់សមាសភាគអភិវឌ្ឍន៍ដ៏រឹងមាំ សំដៅធានាឱ្យអាស៊ានបន្តទទួលបានភាពរស់រវើក ក្នុងស្មារតីពិតប្រាកដនៃសហគមន៍មួយដែលមានអនាគតរួមគ្នា ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖