ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន ៖ កម្ពុជាមានមេដឹកនាំល្អ សង្គមជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ រីកចម្រើនដូចសព្វថ្ងៃ!

ចែករំលែក៖

ខេត្តព្រៃវែង ៖ លោកនាយឧត្តមសេនីយ៍វង្ស ពិសេន ក្នុងនាមជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពារាំងបានលើកឡើងថា កម្ពុជាមានសន្តិភាពពេញលេញ និងការអភិវឌ្ឍ រីកចម្រើនដូចសព្វថ្ងៃដោយសារមានមេដឹកនាំល្អ នៃគណបក្សប្រជាជនកម្ពុជា ដែលបានលះបង់កម្លាំងកាយចិត្ត អាយុជីវិតរំដោះជាតិចេញផុតពីសង្រ្គាមរ៉ាំរ៉ៃជាច្រើនទសវត្ស។

   «កម្ពុជាមានភ័ព្វសំណាង ដោយមានមេដឹកនាំល្អប្រកបដោយបញ្ញាញាណឈ្លាសវៃ ពោរពេញដោយបទពិសោធន៍ និងភាពអង់អាចក្លាហាន នោះគឺសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក មគ្គុទ្ទេសក៍ឯក និងជាប្រតិបត្តិករនយោបាយ ឈ្នះ=ឈ្នះ កម្ពុជាស្គាល់នូវពន្លឺសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ»។ នេះជាការបញ្ជាក់របស់នាយឧត្តមសេនីយ៍វង្ស ពិសេន នៅក្នុងឱកាសចុះជួបមន្រ្តីក្រុមប្រឹក្សាឃុំ សមាសភាពភូមិ ប៉ុស្តិ៍រដ្ឋបាល គិលានុបដ្ឋាក គិលានុបដ្ឋាយិកា លោកគ្រូអ្នកគ្រូ និងយុវជនយុវនារីនៅទូទាំងឃុំរាប ស្រុកពារាំង នាព្រឹកថ្ងៃទី២៦ មីនានេះ។

    លោកនាយឧត្តមសេនីយ៍មានប្រសាសន៍ទៀតថា ក្នុងកាលៈទេសៈបច្ចុប្បន្នដែលកម្ពុជាបានជួបនឹងវិបត្តិជំងឺរាតល្បាតសាកលកូវីដ-១៩ ដែលធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាព អាយុជីវិត សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចប្រជាជន ដែលនេះជាបន្ទុកថ្មីមួយសម្រាប់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធវីធីនិងយុទ្ធសាស្ត្រដើម្បីទប់ស្កាត់ ពិសេសការស្វែងរករកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋគ្រប់រូបដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការនយោបាយ។

    លោកបញ្ជាក់ថា ចាប់តាំងពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ២០២១មក រាជដ្ឋាភិបាល​សម្រេច​បើក​ប្រទេស​ឡើងវិញ ជាមួយនឹងការរំពឹងទុកកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ពី៤ទៅ៥ភាគរយក្នុងករណីដែលកម្ពុជាមិនមានការរាតត្បាតជំងឺកូវីដ-១៩ជាថ្មី។ 

    ទោះជាយ៉ាងណា លោកប្រធានក្រុមការងារ មិនភ្លេចផ្តាំផ្ញើដល់មន្ត្រីក្រុមការងារគ្រប់ថ្នាក់ឱ្យបន្តជំរុញប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឱ្យបានគ្រប់គ្នា ព្រមទាំងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ និង៣ការពារ ៕

ដោយ៖ ស សម


ចែករំលែក៖