ព័ត៌មានទាន់ហេតុការណ៍៖

អ្នកជំនាញ ADHOC នៃ ICC-Angkor សរសើរអាជ្ញាធរជាតិអប្សរា

ចែករំលែក៖

ខេត្តសៀមរាប ៖ អ្នកជំនាញ ADHOC នៃ ICC-Angkor សរសើរអាជ្ញាធរជាតិអប្សរា ដែលបំពេញការងារបានល្អ លើការអភិរក្សនិងការថែរក្សារមណីយដ្ឋាននិងប្រាសាទបុរាណ បើទោះបីជាស្ថិតក្នុងអំឡុងពេលការឆ្លងរាតត្បាតជាសកលជំងឺកូវីដ-១៩ក្ដី។នេះបើយោងតាមអង្គភាព មន្ទីរព័ត៌មានខេត្តសៀមរាប បានបង្ហោះនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២។

អង្គភាព មន្ទីរព័ត៌មានខេត្តសៀមរាប បានលើកឡើងថា, ក្នុងដំណើរចុះពិនិត្យនៅតាមការដ្ឋាននានានៃរមណីដ្ឋានក្នុងខេត្តសៀមរាបជាច្រើនថ្ងៃកន្លងមក ក្រុមអ្នកជំនាញការចំពោះកិច្ច ADHOC នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និង អភិវឌ្ឍតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ដែលហៅកាត់ថា ICC-Angkor បានបង្ហាញនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ដែលនៅតែខិតខំប្រឹងប្រែងបំពេញការងារការពារ និងថែរក្សាប្រាសាទបុរាណ រមណីយដ្ឋានអង្គរបានយ៉ាងល្អ បើទោះបីជាស្ថិតនៅក្នុងស្ថានភាពលំបាកខ្លាំង ដោយសារការឆ្លងរាតត្បាតជាសកលជំងឺ-១៩ក្ដីក៏ដោយ។

អង្គភាព មន្ទីរព័ត៌មានខេត្តសៀមរាប បញ្ជាក់ថា, លោកសាស្ត្រាចារ្យ Stafano De Caro ក្រុមការងារADHOC  បានឲ្យដឹងថា លោកបានឃើញមិត្តអប្សរាមិនបានទុកការងារទាំងឡាយចោល បើទោះបីជាមានការពិបាកនៅអំឡុងពេលជំងឺ-១៩ក៏ដោយ ប៉ុន្តែផ្ទុយទៅវិញ គឺធ្វើបានល្អហួសពីការនឹកស្មាន ដោយអាជ្ញាធរអប្សរាពិតជាមិនបាន ខ្ជះខ្ជាយពេលវេលា សម្រាប់ការងារឡើយ ដែលបានធ្វើឲ្យក្រុមការងារAD HOC ភ្ញាក់ផ្អើល នូវអ្វីដែលពួកគេសម្រេចបានក្នុងពេលនេះ ព្រោះយើងមានការភ្ញាក់ផ្អើល នៅពេលដែលបានឃើញ ការផ្លាស់ប្ដូរមុខមាត់ថ្មីទាំងស្រុងរបស់រមណីយដ្ឋានអង្គរ ដែលមាន ការរីក ចម្រើនយ៉ាងខ្លាំងនោះ ។ 

លោកសាស្ត្រាចារ្យ Stafano De Caro បន្ថែមថា ជាមួយគ្នានេះដែរលោកក៏បានឃើញនៅជុំវិញតំបន់អង្គរ មានភាពស្អាតប្លែក ដូចជាមានផ្លូវថ្មីៗជាច្រើនក្នុងក្រុងសៀមរាប ដែលហាក់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីរង់ចាំស្វាគមន៍ការត្រលប់មកវិញនៃភ្ញៀវទេសចរណ៍ ៕

ដោយ ៖ សហការី


ចែករំលែក៖