បណ្តាប្រទេសលោកខាងលិចតែងតែចោទប្រកាន់ប្រទេសមិនមែនជាបក្ខសម្ព័ន្ធរបស់ខ្លួនថារំលោភសិទ្ធិមនុស្ស ដោយបានរកហេតុផលគ្រប់យ៉ាងដើម្បីដាក់ទណ្ឌកម្ម។ ប៉ុន្តែប្រទេសលោកខាងលិចទៅវីញទេដែលបានរំលោភនិងសម្លាប់មនុស្សជាច្រើនតាមរយៈការដាក់ទណ្ឌកម្មរបស់ខ្លួន។ ពលរដ្ឋកូរ៉េខាងជើងជាច្រើនស្លាប់ដោយអត់អាហារ និងកុមាររាប់សិបម៉ឺននាក់កង្វះអាហារូបត្ថម្ភ។ តើពលរដ្ឋរស់នៅក្នុងប្រទេសកូរ៉េខាងជើងមានកំហុសអ្វីដែលត្រូវប្រឈមនឹងការអត់ឃ្លាន កង្វះស្បៀងអាហារ ដោយសារតែការដាក់ទណ្ឌកម្មរបស់អាមេរិក និងលោកខាងលិច? មិនតែប៉ុណ្ណោះថែមទាំងរងការគំរាមកំហែងដល់សន្តិសុខជាតិទៀតផង ។ កត្តាទាំងនោះហើយបានជាមន្ត្រីជាន់ខ្ពស់រុស្ស៊ីបានបញ្ជាក់ថា ស្ថានភាពបច្ចុប្បន្ននៅឧបទ្វីបកូរ៉េគឺបង្កឡើងដោយការដាក់ទណ្ឌកម្មហួសហេតុ។
លោកស្រី Anna Yevstigneyeva ឯកអគ្គរដ្ឋទូតរងរបស់រុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិបានលើកឡើងកាលពីថ្ងៃទី២៥ខែមីនាថា ស្ថានភាពបច្ចុប្បន្ននៅឧបទ្វីបកូរ៉េ ជាចម្បងគឺបណ្តាលមកពីការដាក់ទណ្ឌកម្មយ៉ាងច្រើនលើបលប់លើកូរ៉េខាងជើង។
ក្នុងកិច្ចប្រជុំស្តីពីបញ្ហាកូរ៉េខាងជើងនៅឯ UN លោកស្រី យ៉េវស្ទីកណេយ៉េវ៉ា បាននិយាយយ៉ាងដូច្នេះថា «រហូតមកដល់ពេលនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានត្រឹមតែបន្ថែមការរឹតបន្តឹង ហើយព្រងើយកន្តើយចំពោះភាពវិជ្ជមានរបស់ទីក្រុងព្យុងយ៉ាង។ ដូច្នេះហើយ យើងអាចនិយាយបានថា ការវិវឌ្ឍបច្ចុប្បន្នដែលយើងមើលឃើញមួយចំណែកធំគឺជាផលវិបាកកើតចេញពីការមិនចេះគិតគូរវែងឆ្ងាយរបស់បុគ្គលមួយចំនួននៅទីនេះ ដោយពួកគេមិនអាចបោះបង់ចោលនូវផ្នត់គំនិតដាក់ទណ្ឌកម្ម ដែលមិនបានជួយផ្តល់ការធានាសន្តិសុខដល់ឧបទ្វីបកូរ៉េនោះឡើយក្នុងពេលជាច្រើនឆ្នាំកន្លងមកនេះ»។
មន្រ្តីការទូតជាន់ខ្ពស់រុស្ស៉ីរូបនេះ បានបន្ថែមថា «ទីក្រុងព្យុងយ៉ាងទំនងជាមិនអាចធ្វើសម្បទានណាមួយទាក់ទងនឹងកម្មវិធីមីស៊ីលនិងនុយក្លេអ៊ែររបស់ខ្លួនបានទេ ប្រសិនបើការដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើងនៅតែបន្តកើតឡើង»។ លោកស្រីបានសង្កត់ធ្ងន់ថា «រុស្ស៊ីប្រឆាំងទង្វើទាំងឡាយណាដែលអាចបង្កការគំរាមកំហែងសន្តិសុខនៅឧបទ្វីបកូរ៉េ»។
កាលពីថ្ងៃ២៥ខែមីនា កូរ៉េខាងជើងបានប្រកាសពីការបាញ់សាកល្បងមីស៊ីល ICBM ដោយពេញលេញជាលើកដំបូង បន្ទាប់ពីបានផ្អាកកាលពីឆ្នាំ២០១៧ ខណៈមីស៉ីលនោះត្រូវបានអះអាងថាជាមីស៉ីល ICBM ថ្មីបំផុតរបស់កូរ៉េខាងជើង ហើយហោះបានចម្ងាយឆ្ងាយនិងខ្ពស់បំផុត។ ការធ្វើតេស្តមីស៉ីលនេះទៀតសោត កើតឡើងចំពេលដែលសហរដ្ឋអាមេរិកកំពុងតែរវល់ជាមួយបញ្ហាសង្រ្គាមនៅអ៊ុយក្រែន ហើយកូរ៉េខាងត្បូងកំពុងឆ្លងកាត់ ពេលវេលាអន្តរកាលនៃការផ្លាស់ប្តូរប្រធានាធិបតីថ្មី៕
ដោយ៖ធីរីណា(រូបថត ៖ KCNA)