ភ្នំពេញ៖ ទីបំផុតចំណងស្នេហារវាងតារាសម្តែង និងបង្ហាញម៉ូតទឹម រដ្ឋានិងគូស្នេហ៍កូនកាត់អាមេរិក អេស្បាញលោកJovany Antonio បានចូលរោងការជាផ្លូវការតាមការកំណត់នៅថ្ងៃទី ២៦ ខែ មីនា នេះនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។ ចាប់តាំងពីព្រឹកថ្ងៃនេះគេសង្កេតឃើញមានវត្តមានភ្ញៀវកិត្តិយសច្រើនកុះករចូលរួមពិធីមង្គលការរបស់នាងពិសេសវត្តមានសិល្បករ និងសាច់ញាតិទាំងសងខាងផងដែរ។
មុននេះក៏មានការចាប់អារម្មណ៍មិនតិចទេក្រោយពីលេចចេញដំណឹងក្រៅផ្លូវការថាទឹមរដ្ឋា បានត្រៀមរបស់មានតម្លៃពិសេសថ្លៃជាង២០ម៉ឺនដុល្លារអាមេរិកសម្រាប់ ពិធីមង្គលការរបស់ពួកគេផងដែរ។ នៅរសៀលថ្ងៃទី២៦ ខែមីនា នេះនឹងមានវត្តមានសិល្បករផលិតករអ្នកជំនួញជាច្រើននឹងចូលរួមក្នុងកម្មវិធីនេះ។
គួរបញ្ជាក់ដែរថា តារាសម្តែង និងបង្ហាញម៉ូត ទឹម រដ្ឋានិងគូស្នេហ៍កូនកាត់អាមេរិក អេស្បាញលោកJovany Antonio បានទំនាក់ទំនងគ្នា អស់រយៈពេល៦ ឆ្នាំមកហើយ។ មុននេះដែរលោកJovany Antonio ធ្លាប់បានបំពាក់ចិញ្ជៀនសុំនាងរៀបការកាលពីថ្ងៃទី២៨ខែមីនាឆ្នាំ២០២១ ហើយនាងនិងក្លាយជាសិល្បករបន្ទាប់ដែលមានស្វាមីជាជនបរទេស។ ភ្ញៀវដែលគ្រោងអញ្ជើញឲ្យចូលរួមគឺមានទាំងសិល្បករល្បីល្បាញជាមិត្តជិតដិត អ្នកជំនួញ និងមន្ត្រីរាជការផងដែរគឺច្រើនជាង៨០០នាក់ដែលសូម្បីតែសាច់ញាតិខាងប្រុសក៏នឹងធ្វើដំណើរមកចូលរួមកម្មវិធីមង្គលការនាងដែរ។ ប្រភពថានាងក៏នឹងអាចរៀបការលើកទី២នៅលើទឹកដីនៃសហរដ្ឋអាមេរិកដែលជាទឹកដីកំណើតរបស់គូស្នេហ៍ផងដែរក្រោយរៀបការនៅកម្ពុជាចប់សព្វគ្រប់ ហើយនាងនឹងនៅតែបន្តការងារសិល្បៈដូចមុនដដែល ព្រោះតែគូស្នេហ៍នាងក៏ពេញចិត្តការងារសិល្បៈដែលនាងកំពុងធ្វើនេះដែរ៕
ដោយ ៖ វឌ្ឍនា