ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះផ្ទះលក់ដូរទំនិញបណ្តាលឱ្យរងរបួសមនុស្សម្នាក់ផ្អើលដល់អ្នកដំណើរទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលទាំងព្រឹកខណៈដែលផ្ទះលក់ចាប់ហួយមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះបណ្ដាលឱ្យស្ត្រីម្នាក់រងរបួសដោយសារតែការឆ្លងចរន្តអគ្គិសនី។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៧ខែមីនាឆ្នាំ២០២២ស្ថិតនៅត្រង់ចំណុចភូមិត្រពាំងត្រាវ ឃុំញ ស្រុកកំពង់រោទ៍។

    យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះឡុង សារី ភេទស្រី អាយុ៥៩ឆ្នាំមានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើបានរងរបួសរលាកកំភួនជើង។

    ចំណែកសម្ភារដែលឆេះរងការខូចខាតរួមមានតូបធ្វើអំពីឈើប្រក់ស័ង្កសីទំហំ៤ម៉ែត្រគុណនឹង១០ម៉ែត្របានខូចខាតទាំងស្រុង, ស្រាបៀរនិងទឹកផ្លែឈើសរុបចំនួន៣០កេស, ទឹកសុទ្ធ៥០យួរនិង៥ប៊ីដុង, លុយខ្មែរ១០០.០០០រៀល, ប្លង់ដី១០សន្លឹក, អត្តសញ្ញាណប័ណ្ណនិងឯកសាររួមនឹងសម្ភារប្រើប្រាស់មួយចំនួនទៀត។

    សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋមកកម្លាំងកងរាជអាវុធហត្ថស្រុកកំពង់រោទ៍ចំនួន៥នាក់និងរថយន្តពន្លត់អគ្គិភ័យ១គ្រឿងបានទៅសហការជាមួយកម្លាំងអធិការដ្ឋាននគបាលស្រុកនិងកម្លាំងប្រជាការពារជួយបាញ់ទឹកពន្លត់ប៉ុន្តែដោយសារភ្លើងឆេះពេញក្រមុំទៅហើយនោះទើបឈានទៅដល់ម៉ោងប្រមាណ៩ព្រឹកយើងអាចគ្រប់គ្រងស្ថានការណ៍បាន។

    សមត្ថកិច្ចបញ្ជាក់ទៀតថា មូលហេតុដោយសារឆ្លងចរន្តអគ្គិសនីទើបបង្កជាអគ្គិភ័យខាងលើកើតឡើង៕

ដោយ៖យឹម សុថាន


ចែករំលែក៖