រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Liz Truss បានលើកឡើងថា រាល់ការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ទាំងបុគ្គលផងដែរនឹងត្រូវបានលុបចោលប្រសិនបើរុស្ស៊ីដកទាហានចេញពីអ៊ុយក្រែន និងសន្យាបញ្ចប់សកម្មភាពយោធាមកលើអ៊ុយក្រែននោះ។
បច្ចុប្បន្នអង់គ្លេស អាមេរិក និងបណ្តាប្រទេសលោកខាងលិច កំពុងតែប្រើប្រាស់ការដាក់ទណ្ឌកម្ម សេដ្ឋកិច្ចរុស្ស៊ី ដើម្បីបង្ខំឱ្យទីក្រុងមូស្គូបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ លោកស្រី Liz Truss បានបញ្ជាក់ថា រាល់ការដាក់ទណ្ឌកម្មនឹងត្រូវបានលុបចោលវិញ បើរុស្ស៊ីបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន ហើយដកទាហានទាំងអស់ចេញពីទឹកដីអ៊ុយក្រែននោះ។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Telegraph កាលពីថ្ងៃ២៦ខែមីនាកន្លងទៅនេះ លោកស្រី Liz Truss បានអះអាងថាអាចនឹងមានការដកឬលុបចោលទណ្ឌកម្ម បើទីក្រុងមូស្គូព្រមបកក្រោយវិញ។
លោកស្រីបញ្ជាក់ដូច្នេះថា «ទណ្ឌកម្មទាំងនោះអាចនឹងត្រូវបានលុបចោល ដរាបណាបទឈប់បាញ់មួយយ៉ាងពេញលេញ និងការដកទ័ពចេញ ប៉ុន្តែវាក៏ត្រូវតែមានការប្ដេជ្ញាចិត្តផងដែរថានឹងមិនមានការឈ្លានពានណាមួយនៅពេលអនាគត»។
រដ្ឋាភិបាលអង់គ្លេសបានឱ្យដឹងថា មកទល់នឹងបច្ចុប្បន្ន ខ្លួនបានដាក់ទណ្ឌកម្មលើធនាគាររុស្ស៊ី ដោយគិតជាទឹកប្រាក់ស្មើនឹង ៥០០ពាន់លានផោន ឬស្មើនឹង ៦៥៨.៦៥ពាន់លានដុល្លារ និងលើក្រុមអភិជនរុស្ស៊ី ព្រមទាំងសមាជិកគ្រួសាររបស់ពួកគេដែលមានទ្រព្យសម្បត្តិច្រើនជាង១៥០ពាន់លានផោន។
ជាមួយគ្នានេះដែរ សារព័ត៌មាន Wall Street Journal បានផ្សាយថា អាមេរិកបានត្រៀមលក្ខណៈដាក់ទណ្ឌកម្មថ្មី បន្ថែមទៀតទៅលើក្រុមហ៊ុនដែលកំពុងតែផ្គត់ផ្គង់សម្ភារយោធាឱ្យទៅទាហានរុស្ស៊ី ៕ ដោយ៖ ធីរីណា
រូបថត៖Reuters