ខេត្តកណ្ដាល ៖ កូនចិត្តតិរច្ឆាន ប្រើប្រាស់គ្រឿងញៀនលើសកម្រិតបានយកដាវមកគំរាមសម្លាប់ឪពុកបង្កើតខ្លួនឯង ជាហេតុធ្វើឲ្យជនរងគ្រោះជាឪពុកភ័យក៏បានប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនកូនចិត្តតិរច្ឆាននេះចាត់ការតាមច្បាប់។
ករណីនេះបានកើតឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នៅចំណុចភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សុង ម៉ាច ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ (ត្រូវជាឪពុក)។ចំណែកជនសង្ស័យឈ្មោះ ម៉ាច ម៉ឺន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ(ត្រូវជាកូន)។ ជនរងគ្រោះនិងជនសង្ស័យមានទីលំនៅក្នុងភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ចំពោះវត្ថុតាងចាប់យកមានដាវដងដែកចំនួន០១ដើម ប្រវែង៦០សង់ទីម៉ែត្រ (របស់ជនសង្ស័យ)។
ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុខាងលើជនរងគ្រោះជាឪពុកកំពុងនៅផ្ទះដាំបាយធ្វើម្ហូប ពេលនោះជនសង្ស័យជាមនុស្សញៀនថ្នាំ មិនដឹងជាមកពីណាទេ បានមកដួសបាយសុី។ ឃើញដូច្នេះ ជនរងគ្រោះបានស្រែកថាបាយមិនទាន់ឆ្អិនទេ ប្រញាប់សុីម្ល៉េះ! ពេលឮដូច្នេះជនសង្ស័យខឹងក៏បានទាញដាវដងដែកកាន់ជាប់ដៃ ចំណែកជនរងគ្រោះបានចាប់ទាញកាំបិតផ្គាក់់កាន់ជាប់នឹងដៃដែរ រួចបានស្រែកហៅប្អូនឱ្យមកជួយ និងប្ដឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំឱ្យឃាត់ខ្លួនសួរនាំនៅប៉ុស្តិ៍ និងកសាងសំណរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ ស្អាង ជ័យ