ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសជិះកង់អាគុយបត់ឆ្វេងមិនប្រយត្ន័ត្រូវម៉ូតូមកពីក្រោយបុករបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យុវជនពីរនាក់និងក្មេងប្រុសម្នាក់បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងកង់អាគុយបត់ឆ្វេងមិនប្រយ័ត្នបណ្ដាលឱ្យម៉ូតូបុកពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលទាំងក្បាលល្ងាច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី២៦ ខែ មីនាឆ្នាំ ២០២២ នៅចំណុចលើផ្លូវជាតិលេខ១៣ ស្ថិតក្នុង ភូមិចក ឃុំកំពង់ចក ស្រុករំដួល។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ក្មេងប្រុសដែលបង្កហេតុមានឈ្មោះ ប៉ែន សុខ  អាយុ ១២ឆ្នាំ រស់នៅ ភូមិចក ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀងខណៈកង់អាគុយខូចខាតយ៉ាងដំណំ។

ចំណែកភាគីម្ខាងទៀតមានឈ្មោះ ហ៊េល សុភារៈ  អាយុ ១៨ឆ្នាំ រស់នៅ ភូមិស្រម៉ ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀងនិងអ្នករួមដំណើរ ឈ្មោះស៊ែម ប៊ុនហុង  អាយុ១៧ ឆ្នាំ រស់នៅ ភូមិស្វាយរំពារ ឃុំសង្កែ   ស្រុករំដួល ខេត្តស្វាយរៀងជិះម៉ូតូម៉ាកហុងដាប៊ីត ពណ៌ខ្មៅពាក់ស្លាកលេខស្វាយរៀង១R.៥៨៣៨ខូចខាតយ៉ាងដំណំ។

បើតាមសាក្សីបានឲ្យដឹងថាមុនពេលកើតហេតុមានក្មេងប្រុសម្នាក់បានជិះកង់អាគុយមួយគ្រឿងដោយធ្វើដំណើរពីជើងទៅត្បូងខណៈនោះក៏បានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដា ប៊ីត ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១R.៥៨៣៨ជាន់ហ្វ្រ័ងមិនទាន់ក៏បុកគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៍មកសមត្ថកិច្ចទាំងក្បាលល្ងាច។

ក្រោយមកសមត្ថកិច្ចបានមកដល់ធ្វើការវាស់វែងនិងអូសយកមធ្យោបាយទាំងពីរគ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករំដួលដើម្បីដោះស្រាយតាមច្បាប់ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖