ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តLexus RX330បុករថយន្តបែនដឹកដីពីក្រោយខ្ទេចមួយកំណាត់មុខបណ្តាលឱ្យអ្នកបើកបររងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកLexus RX330យ៉ាងលឿនមិនប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុករថយន្តបែនដឹកដីពីក្រោយពេញទំហឹងបណ្ដាលឱ្យខ្ទេចមួយកំណាត់មុខ និងគាបអ្នកបើកបរជាប់ក្នុងកាប៊ីនរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមីនាឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

   ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុគាត់បានឃើញរថយន្តបែនដឹកដីមួយគ្រឿង មិនចាំម៉ាកធ្វើដំណើរតាមបណ្ដោយផ្លូវ ៦០ម៉ែត្រពីត្បូងទៅជើងក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាក Lexus RX330 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2BI-1382 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ ៦០ម៉ែត្រស្របទិសគ្នាមកពីក្រោយយ៉ាងលឿនបានជ្រុលទៅបុករថយន្តបែនដឹកដីពីក្រោយពេញទំហឹងបណ្ដាលឱ្យគាបអ្នកបើកបរជាប់ក្នុងកាប៊ីនរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋជួយគាស់ចេញហើយហៅរថយន្តសាមុយមកដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែករថយន្តបែនដឹកដីបានបន្តល្បឿនទៅមុខគេចខ្លួនបាត់ស្រមោល។

    បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំក្រុមគ្រួសារមកទទួលយកវិញនៅពេលក្រោយ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖