ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកជាមួយនឹងម៉ូតូ រួចបន្តទៅបុករថយន្តមួយគ្រឿងទៀតបណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន៣នាក់ទាំងព្រឹក

ចែករំលែក៖

ខេត្តកែប ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនីសាន់បុកជាមួយនិងម៉ូតូ រួចបន្តទៅបុកនឹងរថយន្តមួយគ្រឿងទៀតបណ្ដាលឲ្យមានអ្នកស្លាប់ចំនួន៣នាក់នៅនឹងកន្លែងកើតហេតុ។

 ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥ និង៣០នាទីព្រឹកថ្ងៃអាទិត្យ ១០រោច ខែផល្គុនឆ្នាំឆ្លូវ ត្រីស័ក ព ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣៣ នៅចំណុចទល់មុខស្ថានីយ៍ប្រេងឥន្ធនៈតេលាខាងកើតសេះសរ ចន្លោះគីឡូម៉ែត្រលេខ១៥-១៦ ស្ថិតនៅក្នុងភូមិកំពង់ត្រាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

សពជនរងគ្រោះទី១. ឈ្មោះ ឈី វិសិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបើករថយន្តរស់នៅក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូក ខេត្តកំពត ជាអ្នកបើកបររថយន្តម៉ាកនីសាន់(ស្លាប់)។

ទី២. ឈ្មោះ ហុង វណ្ណា ភេទប្រុស អាយុ៤៦ ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិកោះផ្ដៅ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាចខេត្តកំពត ជាអ្នកបើកម៉ូតូ(ស្លាប់)។

ទី៣. ឈ្មោះ ម៉ៅ ញ៉េប ភេទប្រុសអាយុ៦៩ ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាចខេត្តកំពត ជាអ្នករួមដំណើរតាមម៉ូតូ(ស្លាប់)។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក នីសាន់ ពណ៌សមួយគ្រឿងពាក់ស្លាកលេខ ង.៥២១៩ ភព២ បើកបរដោយបុរសម្នាក់ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ត្រង់ចំណុចកើតហេតុ បានបុកម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខកំពត 1K 8467 ផលិតឆ្នាំ២០១៦ បើកបរដោយបុរសម្នាក់ និងរួមដំណើរដោយបុរសម្នាក់ទៀត បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ទាំងពីរនាក់នៅកន្លែងកើតហេតុ រួចរថយន្តបង្កបន្តទៅបុករថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយប្រភេទសណ្ដោងរុឺម៉កពណ៌ទឹកប៊ិចចាស់ពាក់ស្លាកលេខ ភ្នំពេញ 3A 2718 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ដែលបើកមកពីទិសខាងលិច ភ្លាមៗនោះតៃកុងរថយន្តហ៊ីយ៉ាន់ដាយបានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលក្រុងកែបរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់ ចំណែកសពជនរងគ្រោះក្រោយសមត្ថកិច្ចធ្វើកំណត់ហេតុរួច ប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖និន សុភ័ស្ត


ចែករំលែក៖