ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះថា៖ កម្លាំងនគរបាលនៅទូទាំងប្រទេសកម្ពុជា បានឃាត់ខ្លួនមនុស្សចំនួន ៣៧នាក់ ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២៧ ខែមីនាម្សិលមិញនេះ។
លោកអ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់បន្ថែមថា៖ ក្នុងចំណោមជនសង្ស័យទាំង៣៧នាក់នោះ មាន ១៣នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ០៨ករណី និងជនសង្ស័យ ២៤នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសគ្រឿងញៀន១១ករណី។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ ,កុំអន្តរាគមន៍ ,កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលអាចកើតមាននៅមូលដ្ឋានរបស់ខ្លួន។
បន្ថែមពីនេះ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ៕
ដោយ៖សហការី