ព័ត៌មានទាន់ហេតុការណ៍៖

ការធ្វើកូដកម្មទាមទារបើកទ្វារសម្រាប់សិស្ស-និស្សិតស្រី អាហ្វហ្គានីស្ថាន

ចែករំលែក៖

មានប្រសាសន៍នៅក្នុងសន្និសីទកាសែត និស្សិតស្រីឈ្មោះ Zarghuna Ibrahimi អាយុ១៦ឆ្នាំ បានលើកឡើងថា អ្នកគ្រូ ស្ត្រី និងកុមារីបាននាំគ្នាដង្ហែក្បួន ព្យុហយាត្រា អំពាវនាវដល់សហគមន៍អន្តរជាតិជួយធ្វើអន្តរាគមន៍ឱ្យរដ្ឋាភិបាលតាលីបង់ បើកសាលារៀនឱ្យសិស្ស និស្សិតស្រីបានចូលសិក្សា។
ក្រុមសកម្មជនការពារផលប្រយោជន៍ស្ត្រីនិងកុមារីបានប្រកាសធ្វើកូដកម្មនៅទូទាំងប្រទេស ទាមទារឱ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានបើកទ្វារ សាលារៀនសម្រាប់សិស្ស និស្សិតស្រីក្នុងរយៈពេល១សប្តាហ៍ខាងមុខ នេះ។
ការសម្រេចខាងលើកើតឡើងក្រោយពេលសហគមន៍អន្តរជាតិ ដាក់គំនាបទៅលើរដ្ឋាភិបាលក្រុមតាលីបង់ឱ្យបើកសាលារៀនឱ្យសិស្ស និស្សិតស្រីបានចូលសិក្សាតាមការសន្យារបស់ក្រុមតាលីបង់ពេលឡើងកាន់អំណាច។ សិស្ស និស្សិតស្រីបានអាក់ខានទៅសាលារៀនជាង៧ខែមកហើយ។
នាង Halima Nas សកម្មជនការពារសិទ្ធិស្ត្រីអាហ្វហ្គានីស្ថាន បានអានសេចក្តីប្រកាសរួមរបស់អង្គការការពារសិទ្ធិស្ត្រីចំនួន៤អង្គការផ្សេងគ្នា ក្នុងនោះអំពាវនាវដល់ក្រុមតាលីបង់បើកទ្វារ ឱ្យសិស្ស និស្សិតស្រីចូលរៀនវិញ។
នៅក្នុងសេចក្តីប្រកាសបានឱ្យដឹងថា ប្រសិនបើរដ្ឋាភិបាលតាលីបង់មិនបើកទ្វារសាលារៀនឡើងវិញឱ្យសិស្សស្រីចូលសិក្សាទេ នោះនឹងមានការក្រោកឈរឡើងតវ៉ានៅទូទាំងប្រទេស ។ ជាមួយគ្នានេះដែរក៏បានអំពាវនាវឱ្យសាងសង់សាលារៀនសម្រាប់សិស្សស្រីនៅតាមតំបន់ជនបទផងដែរ៕

ដោយ៖ ធីរីណា(រូបថត​៖​AFP)


ចែករំលែក៖