ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី វេង សាខុន ៖ បច្ចុប្បន្នភាពកម្មវិធី ASPIRE ប្រចាំឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានថ្លែងថា, កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) គឺ    ជាកម្មវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយទទួលបានការគាំទ្រហិរញ្ញប្បទានពីមូលនីធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) និងអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសម្រាប់រយ:ពេល ៧ឆ្នាំ។ កម្មវិធីមានគោលដៅសំខាន់គឺកាត់បន្ថយភាពក្រីក្រ និងបង្កើនភាពធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុដល់គ្រួសារកសិករក្រីក្រ និងជនងាយរងគ្រោះចំនួន ១៤៤ ០០០គ្រួសារ ដោយបង្កើនតម្លៃផលិតកម្មកសិកម្មជាមធ្យម ២០% និងតម្លៃទ្រព្យសម្បត្តិគ្រួសារ ២៥%។ 

ការអុវត្តកម្មវិធីរយៈពេលជាង ៦ឆ្នាំកន្លងមកនេះសម្រេចទទួលបានលទ្ធផលដូចខាងក្រោម ៖ 

១- បានគាំទ្រគ្រួសារកសិករបានចំនួន ១៤៨ ២៣០ ស្មើនឹង ១០៣%នៃគ្រួសារគោលដៅ។ 

២- បានបង្កើនតម្លៃទ្រព្យសម្បត្តិគ្រួសារកសិករគោលដៅពី ១ ៤៥៣ដុល្លារ នៅឆ្នាំ២០១៨    ដល់ ២ ០៥៥ដុល្លារ នៅឆ្នាំ២០២១ ពោលគឺកើនបានចំនួន ៤១%។  

៣- បានបង្កើនតម្លៃផលិតកម្មកសិកម្មរបស់គ្រួសារកសិករគោលដៅពី ១ ២០៦ដុល្លារ នៅឆ្នាំ២០១៨ ដល់ ១ ៤៤៨ដុល្លារ នៅឆ្នាំ២០២១ ពោលគឺកើនឡើងបានចំនួន ១៨%។

៤- បានចងក្រងបណ្តុំអាជីវកម្មបានចំនួន ២ ៥៨៤ បណ្តុំ។

៥- បានសាងសង់ផ្ទះសំណាញ់បានចំនួន ៤១៦ សម្រាប់ដំណាំបន្លែសុវត្ថិភាព។ 

៦- បានសាង់សង់អគារប្រមូលផ្តុំ និងទុកដាក់កសិផល បានចំនួន ១៦៦អគារ និង

៧- បានគាំទ្រការសិក្សា និងរៀបចំឯកសារគោលនយោបាយជាច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យកសិកម្ម។ 

ដោយឡែក លទ្ធផលសម្រេចបានក្នុងឆ្នាំ២០២១ រួមមាន ៖

I- សមាសភាគទី១ ៖ ការអភិវឌ្ឍ និងអនុវត្តគោលនយោបាយ

១- បានបញ្ចប់ការសិក្សាអំពីផលិតភាពកសិកម្មកម្ពុជា ផ្តោតលើបញ្ហាប្រឈម និងទិសដៅគោលនយោបាយ។

២- បាននិងកំពុងធ្វើបច្ចុប្បន្នភាពអំពីគោលនយោបាយផ្សព្វផ្សាយកសិកម្ម។

៣- បាននិងកំពុងសិក្សាអំពីកាផ្តល់ថវិកាសម្រាប់សេវាកម្មផ្សព្វផ្សាយកសិកម្មនាពេលអនាគត។

៤- បានបង្កើតកម្មវិធី App ស្តីពីការបញ្ចូលវិធីសាស្រ្តវាស់វែងការអនុវត្តថវិកាកម្មវិធី ក្នុងការធ្វើឲ្យប្រសើរឡើងនៃប្រព័ន្ធតាមដាន និងវាយតម្លៃថវិកាកម្មវិធី។

II- សមាសភាគទី២ ៖ ការអភិវឌ្ឍសមត្ថភាពសម្រាប់ផ្នែកសេវាផ្សព្វផ្សាយ

១- បានបង្កើតកសិដ្ឋានបង្ហាញនិងផ្តល់វិញ្ញាបនបត្រ CamGAP លើកសិដ្ឋានបន្លែ និងផ្លែឈើ ព្រមទាំងបង្ហាញអំពីប្រព័ន្ធធានាដែលមានការចូលរួម។

២- បានដាំពង្រីកពូជដំឡូងមី KU-៥០ លើផ្ទៃដី ១៥ហ.ត នៅកសិដ្ឋានផលិតគ្រាប់ពូជដំណាំចំការលើ។

៣-  បានគាំទ្រសហគមន៍កសិកម្ម តាមរយៈការផ្តល់ពូជ គាំទ្របច្ចេកទេស និងការគ្រប់គ្រងដំឡូងមី ដែលមិនមានជំងឺម៉ូសាអ៊ិច។ 

៤- ធ្វើការអភិវឌ្ឍន៍មូលដ្ឋានគេហទំព័រសម្រាប់កម្មវិធី E-Learning ក្នុងការបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មដល់ភ្នាក់ងារផ្សព្វផ្សាយឃុំ។

៥- បាននិងកំពុងសិក្សាអំពីតំបន់សក្តានុពលសម្រាប់ការជំរុញផលិតកម្មដំណាំអាទិភាព។

៦- បាននិងកំពុងអភិវឌ្ឍប្រព័ន្ធឌីជីថលគ្រប់គ្រងទិន្នន័យផលិតកម្មដំណាំ។

III- សមាសភាគទី ៣ ៖ ជំរុញសេវាកម្មផ្សព្វផ្សាយ

១- បានបង្កើតបណ្តុំអាជីវកម្មកសិកម្មបានចំនួន ៥៨៧បណ្តុំ មានសមាជិកសរុបចំនួន ២៣ ២៩២នាក់ (ស្ត្រី ៨ ៤៦៣) ភាគច្រើនផ្តោតលើផលិតកម្មកសិកម្មចំនួន ៣៣មុខរួមមាន ៖ ស្រូវ ស្រូវពូជ បន្លែ ឪទ្បឹក ស្លឹកគ្រៃ ផ្សិត ម្ទេស ផ្លែប៊រ ទុរេន មៀន ត្រសក់ផ្អែម ក្រូចថ្លុង សាវម៉ាវ ពោត ស្វាយចន្ទី ស្វាយ ដំឡូងមី ដំឡូងជ្វា អំពៅ កូនឈើ កាហ្វេ ឬស្សីផ្អែម ទឹកឃ្មុំ ជ្រូក គោ ពពែ មាន់ ទា ក្តាម បង្គា ត្រី កង្កែប និងចង្រិត។

២- បានសម្របសម្រួលរៀបចំកិច្ចព្រមព្រៀងស្តីពីផលិតកម្មតាមកិច្ចសន្យាបានជាង ២០ ដែលមានតម្លៃសរុបជាង ១៥លានដុល្លារ។

៣- បានផ្តល់អគារប្រមូលផ្តុំផលិតផលកសិកម្ម ចំនួន១៦៦កន្លែង និងផ្ទះសំណាញ់ចំនួន ៩៣

៤- បានបង្កើតប្រព័ន្ធតាមដាន និងវាយតម្លៃនិងព័ត៌មានសម្រាប់គ្រប់គ្រង ដើម្បីប្រមូលទិន្នន័យ ស្តីពីការអនុវត្តសេដ្ឋកិច្ច ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការចុះបញ្ជីកសិករ អ្នកទទួល ផលបណ្តុំអាជីវកម្ម និងការវាយតម្លៃបណ្តុំអាជីវកម្ម។

IV- សមាសភាគ ៤ ៖ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រផែ្នកកសិកម្មដែលមានភាពធន់ទ្រាំនឹងអាកាសធាតុ

១- បានគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុដល់កសិករចំនួន ២០ ៣៩៣គ្រួសារ ដែលមានលទ្ធភាពទទួលបានទឹកស្រចស្រពលើផ្ទៃដីសរុប  ២០ ៣៩៣ហ.ត។ 

២- បានវាយតំលៃផែនការអភិវឌ្ឍន៍ឃុំរយៈពេល ៥ឆ្នាំ និងកម្មវិធីវិនិយោគឃុំរយៈពេល ៣ឆ្នាំ     ស្តីពីការកាត់បន្ថយភាពងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ និងបញ្ជ្រាបការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។ ការអនុវត្តកម្មវិធីចំការ App តាមរយៈគម្រោងការបង្កើនយ៉ាងរហ័ស  នូវកម្រិតជីវភាពគ្រួសារកសិករដែលមានទំហំផលិតកម្មតូច ដោយប្រើប្រាស់ព័ត៌មានវិទ្យា សំដៅឆ្លើយតបនឹងបញ្ហាជំងឺកូវីដ-១៩។

៣- កសិករចំនួន ៤៤ ០០០នាក់ (ស្ត្រី ២៩% និងអាយុពី ១៧-២៩ឆ្នាំចំនួន ៣៩%) បានចុះ ឈ្មោះក្នុងកម្មវិធី Chamk App។

៤- មានកសិករចំនួន ៤ ៤៣០នាក់ (ស្ត្រី ៣១%) បានប្រើការហៅទូរស័ព្ទ និងប្រើបណ្តាញពិភាក្សាព័ត៌មានបច្ចេកទេសកសិកម្ម  ដើម្បីទទួលបានព័ត៌មានផ្នែកផ្សព្វផ្សាយបច្ចេកទេសលើដំណាំ និងបសុសត្វ។

៥- មានកសិករចំនួន ២៨១៣នាក់ (ស្ត្រី ២១%) បានប្រើប្រាស់បណ្តាញទីផ្សារ ដើម្បីទិញធាតុចូលកសិកម្ម និងបង្កើតទំនាក់ទំនងអាជីវកម្មជាមួយក្រុមហ៊ុនឯកជន។

៦- បានចុះឈ្មោះអ្នកផ្គត់ផ្គង់ធាតុចូលចំនួន ៤០នាក់ ក្នុងកម្មវិធី Chamka App ដើម្បីលក់ធាតុចូលកសិកម្មរបស់គេ។

៧- បានគាំទ្រជាធាតុចូលកសិកម្មដល់គ្រួសារកសិករខ្នាតតូចក្រីក្រដែលមាន និងគ្មានប័ណ្ណក្រីក្របានចំនួន ១ ៩០០គ្រួសារ

៨- មានកសិករច្រើនជាង ៤ ០០០នាក់ បានទទួលការគាំទ្របច្ចេកទេសលើផលិតកម្មបន្លែ និងមាន់ស្រែ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជ រដ្ឋាភិបាលកម្ពុជា តាមរយ:ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ សហការជាមួយមូលនីធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ដោយបានគាំទ្រហិរញ្ញប្បទានសម្រាប់អនុវត្តកម្មវិធី។ ពិតណាស់លទ្ធផលនៃកម្មវិធីបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយ:ការបង្កើនភាពធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុដល់គ្រួសារកសិករក្រីក្រ និងជនងាយរងគ្រោះដែលបានប្រកាន់យករបរកសិកម្មជាការងារស្នូលប្រចាំគ្រួសារ ហើយក្រសួងសង្ឃឹម និងជឿជាក់ថារាជរដ្ឋាភិបាលកម្ពុជា និងអង្គការ IFAD នឹងបន្តគាំទ្រកម្មវិធីនេះ ៕

ដោយ ៖ សិលា


ចែករំលែក៖