ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងរយៈពេលនេះ ប្រទេសកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអន្តរជាតិជាច្រើន ដូចជា៖ IDC, ICAPP និង IPTP 11 ដែលភាគច្រើននៃកិច្ចប្រជុំទាំងនោះបានផ្តោតសារៈសំខាន់ខ្ពស់ទៅលើសន្ដិភាពនិងការបង្រួបបង្រួមជាតិ។
ក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤ នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បណ្ដាប្រទេសជាច្រើនដែលបានចូលរួមកិច្ចប្រជុំនៅកម្ពុជា បានកោតសរសើរកម្ពុជាពីការថែរក្សាបានសុខសន្តិភាព ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បណ្តាប្រទេសជាច្រើន បានកោតសរសើរពីកម្ពុជាក្នុងការស្វែងរកសន្ដិភាព និងបានសិក្សារៀនសូត្រពីមេរៀនសំខាន់ៗដែលកម្ពុជាបានចែករំលែកអំពីដំណើរការស្វែងរកសន្តិភាពសម្រាប់កម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថាសន្តិភាពមិនមែនជាការទទួលខុសត្រូវរបស់ប្រទេសជាតិណាតែមួយនោះទេប៉ុន្ដែការស្វែងរកសន្ដិភាព គឺជាកិច្ចការរួមគ្នាដោយមានការប្ដេជ្ញាចិត្តខិតខំផ្សះផ្សាឆ្ពោះទៅរកការឈ្នះឈ្នះទាំងអស់គ្នា និងដោះស្រាយដោយសន្ដិវិធី។ សម្ដេចបានអំពាវនាវដល់ប្រទេស ស្ថាប័ន និង បុគ្គលទាំងអស់រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌ ដោយការ ដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋឱ្យបានរួចរាល់ ទើបចាប់ផ្ដើម ម្យ៉ាងទៀត រដូវនេះ ជារដូវទឹកឡើង គឺមិនអាចដំណើរការជីកព្រែកនេះទេ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ គម្រោងព្រែកជីកហ្វូណនតេជោ ក្រោយសម្ពោធរួច គឺអ្នកជំនាញត្រូវចុះពិនិត្យ និងកែសម្រួលនៅតាមចំណុចមួយចំនួនឡើងវិញ ឧទាហរណ៍ ក្រោយសម្ពោធហើយ អ្នកជំនាញបានចុះពិនិត្យ ដោយរកឃើញតំបន់ខ្លះប៉ះទួលបុរាណ និងវត្តបុរាណ ហេតុនេះត្រូវកែសម្រួលតម្រាយផ្លូវដែលនឹងត្រូវជីកឡើងវិញ។ អ្នកជំនាញមិនត្រឹមតែពិនិត្យកែសម្រួល លើការងារបច្ចេកទេសប៉ុណ្ណោះនោះទេ គឺត្រូវពិនិត្យលើផលប៉ះពាល់ដល់ពលរដ្ឋនៅតាមតម្រាយផ្លូវ ថែមទៀត។ ក្រោយដោះស្រាយចប់សព្វគ្រប់រួចរាល់ហើយ ក្រុមការងារជំនាញនឹងដាក់គ្រឿងចក្រចុះ ជីកតែម្ដង។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលមិនទាន់បានជីកបន្ត ក្រោយសម្ពោធរួច គឺដោយសារអ្នកជំនាញចុះពិនិត្យ និងកែសម្រួលលើចំណុចមួយចំនួន ព្រមទាំងដោះស្រាយផលប៉ះពាល់ដល់ប្រជាពលរដ្ឋឱ្យចប់សព្វគ្រប់ មិនមែនមកពីមិនមានថវិកានោះទេ៕
ដោយ ៖ សិលា