ខេត្តកំពង់ស្ពឺ៖ ដំណាំស្រូវរបស់ប្រជាពលរដ្ឋក្នុងស្រុកចំនួន២ នៃខេត្តកំពង់ស្ពឺ កំពុងប្រឈមនឹងកង្វះទឹក ខណៈស្រូវធ្ងន់កំពុងចេញផ្លែ និងត្រៀមប្រមូលផលនៅកំឡុងសប្តាហ៍ទី២នៃខែធ្នូ។ នេះបើយោងតាមការឱ្យដឹងពី លោក យឹម ណន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺ លោក យឹម ណន បានឱ្យដឹងថា ស្រូវធ្ងន់ប្រមាណ ២០ ហិកតា ស្ថិតនៅក្នុងសង្កាត់កណ្តោលដុំ នៃក្រុងច្បារមនបាននិងកំពុងជួបប្រទះកង្វះទឹក ស្រពេលដែលស្រូវក៏កំពុងចេញផ្លែ និងដាក់គ្រាប់ផងដែរ។ ទន្ទឹមគ្នានេះ ភូមិចំនួន២ នៃឃុំតាំងក្រូច ក្នុងស្រុកសំរោងទងក៏កំពុងជួបបញ្ហាប្រឈមដូចគ្នាដែរ ទាមទារឱ្យមន្ត្រីនៃមន្ទីរជំនាញជួយអន្តរាគមន៍បន្ទាន់ ក្នុងនោះភូមិអន្លង់ធម្ម ប៉ះពាល់លើផ្ទៃដីស្រែកសិករពេញមួយភូមិចំនួន ១៤០គ្រួសារ ស្មើរនឹង ៦០ហិកតា ភូមិអណ្តូងស្លា ប៉ះពាល់លើផ្ទៃដី ៨០% នៃផ្ទៃដីស្រែរបស់កសិករសរុបស្មើរនឹង ៨០ហិកតា ត្រូវនឹង១៥០គ្រួសារ។ ចំពោះស្រុកផ្សេងទៀតមិនមានផលប៉ះពាល់ទេ និងកំពុងប្រមូលផលបានប្រមាណជិត ៥០%។
លោក យឹម ណន បន្តថា ស្រូវធ្ងន់កំពុងចេញផ្លែ និងដាក់គ្រាប់នេះ ប្រសិនជាមិនមានទឹកគ្រប់គ្រាន់នោះទេ នឹងធ្វើឱ្យផ្លែស្រូវប្រឈមនឹងការស្កក ឬគ្រាប់មិនពេញទឹក។ ដើម្បីជួយសង្គ្រោះឱ្យបានទាន់ពេលវេលា មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារនៃមន្ទីរបញ្ចុះម៉ាស៊ីនបូមទឹកកម្លាំង ៦៥សេះ ចំនួន១គ្រឿង ដើម្បីបូមទឹកពីប្រព័ន្ធប្រឡាយមេរលាំងជ្រៃខាងជើង បញ្ជូនទៅផ្នែកខាងក្រោមបញ្ចូលក្នុងស្រែដែលកំពុងរងផលប៉ះពាល់។
ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ លោក យឹម ណន បានរំពឹងថា ស្រូវធ្ងន់របស់ប្រជាកសិករទាំងពីរស្រុកខាងលើនេះ នឹងអាចជួយសង្គ្រោះទាន់ពេលវេលា ខណៈរដូវប្រមូលផលដំណាំស្រូវនៅអូសបន្លាយរហូតដល់សប្តាហ៍ទី២នៃខែធ្នូចុងឆ្នាំ២០២៤ខាងមុខទៀត៕
ដោយ៖ សូរិយា