ភ្នំពេញ៖ ផ្លែសិរមាន់ ត្រូវបានប្រជាពលរដ្ឋខ្មែរបេះមកបរិភោគជាអាហារ។ ផ្លែទុំអាចបរិភោគបាន មានរសជាតិផ្អែមនិងជូរ។ នេះបេីយោងតាមប្រភពព័ត៌មានពីក្រសួងបរិស្ថាន។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា៖ ផ្លែសិរមាន់ រាងពងក្រពើទៅមូល មានអង្កត់ផ្ចិតប្រហែល ១.៥- ២ សង់ទីម៉ែត្រ និងប្រវែងប្រហែល ២.៥ – ៣ សង់ទីម៉ែត្រ សំបកមានសភាពគ្រើម មានដុំពកតូចៗលាតសន្ធឹងលើសំបកផ្លែ ! ផ្លែខ្ចីមានពណ៌បៃតង ផ្លែចាស់នឹងមានពណ៌ក្រហមឆ្អៅនៅ ក្នុងផ្លែមានគ្រាប់មួយ ហើយមានសាច់ថ្លា និងមានជាតិទឹកច្រើន។
ផ្លែសិរមាន់ ជាផ្លែឈើដែលមានការពេញនិយមមួយក្នុងស្រុក ព្រោះវាមានរស់ជាតិជូរ ដែលជាទីពេញនិយមសម្រាប់ស្ត្រីៗ ដែលចូលចិត្តបរិភោគផ្លែឈើជូរ ! នៅប្រទេសកម្ពុជាមានសម្បូរក្នុងខេត្តសៀមរាប ចំណែកនៅតាមខេត្តដ៏ទៃមានដុះតិចតួច។
ប្រភពដដែលបន្តថា សិរមាន់ គឺជាឈ្មោះឈើធំមួយប្រភេទ ផ្លែស្រដៀងនឹងគូលែន តែតូចជាងគូលែន បរិភោគបាន ( សរសេរជា សេរមាន់ ក៏មាន)។
ដើមសិរមាន់ មានឈ្មោះវិទ្យាសាស្ត្រ៖ Nephelium hypoleucum Kurz ។ ឧបតិដ្ឋាន៖ ជួរភ្នំហិម៉ាល័យខាងកើត , កម្ពុជា, ឡាវ , ម៉ាឡេស៊ី , ភូមា , ថៃ , វៀតណាម៕
ដោយ៖សហការី