ព័ត៌មានទាន់ហេតុការណ៍៖

សិក្ខាសាលាស្តីពីដំណើរការសាលារៀនប្រកបដោយសុវត្ថិភាពក្នុងបរិបទជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តព្រៃវែង ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នាយកដ្ឋានសុខភាពសិក្សា ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយអង្គការ អង្គការ UNICEF ដែលបានរៀបចំសិក្ខាសាលាស្តីពីដំណើរការសាលារៀនប្រកបដោយសុវត្ថិភាព ក្នុងបរិបទជំងឺកូវីដ-១៩ ដើម្បីប្រមូលធាតុចូលក្នុងការពង្រឹងគុណវុឌ្ឍិនៃការងារសុខភាពសិក្សា ពិសេសធានាបាននូវសុវត្ថិភាព និងសុខភាពដល់បុគ្គលិកអប់រំ និងអ្នកសិក្សាគ្រប់កាលៈទេសៈ។

សូមបញ្ជាក់ថា, កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំ និងមន្រ្តីទទួលបន្ទុកការងារសុខភាពសិក្សានៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្តទាំង២៥ និងមន្រ្តីទទួលបន្ទុកការងារសុខភាពសិក្សានៃការិយាល័យអប់រំ យុវជន និងកីឡាស្រុក ខេត្តព្រៃវែង។

ក្នុងបរិបទជំងឺកូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡា ក៏បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់បំផុតលើសុវត្ថិភាពនិងសុខភាពរបស់បុគ្គលិកអប់រំនិងអ្នកសិក្សា ដោយបានជំរុញការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាននិងដូសជំរុញដល់បុគ្គលិកអប់រំទាំងអស់ និងអ្នកសិក្សាចាប់ពីអាយុ៣ឆ្នាំឡើងទៅ ក្រោមការដឹកនាំផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា។ 

ជាមួយគ្នានេះដែរ ក្រសួងក៏បានដាក់ចេញនូវវិធានការស្តង់ដាប្រតិបត្តិ (SOP) នៅតាមគ្រឹះស្ថានសិក្សាទូទាំងប្រទេស ពិសេសវិធានការ៣ការពារ ៣កុំ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្នែកអនាម័យ និងទឹកស្អាតនៅតាមគ្រឹះស្ថានសិក្សា ក៏ដូចជាការជំរុញការបង្កើតជាបន្ទប់សុខភាពនៅតាមគ្រឹះស្ថានសិក្សា។ល។ 

ការអប់រំសុខភាពផ្លូវចិត្ត ផលិតវីដេអូអប់រំស្តីពីជំងឺកូវីដ-១៩ ព្រមទាំង សម្ភារៈអប់រំផ្សព្វផ្សាយ គ្រប់ទម្រង់ពាក់ព័ន្ធនឹងការបង្ការជំងឺជំងឺកូវីដ-១៩ ជាច្រើនផងដែរ។ លទ្ធផលនៃការចូលរួមអនុវត្តអន្តរគមន៍ទាំងនេះបានធ្វើប្រទេសកម្ពុជា អាចបើកសាលារៀន បើកវិស័យសេដ្ឋកិច្ច និងសង្គមឡើងវិញគ្រប់វិស័យ បើទោះបីជាប្រទេសកម្ពុជាមានការរាតត្បាតជំងឺកូវីដ-១៩ ប្រភេទថ្មីអូមីក្រុង  តែយើងអាចគ្រប់គ្រងបាន តាមរយៈការចូលរួមចាក់វ៉ាក់សាំង និងការប្រកាន់ខ្ជាប់នូវវិធានការនៃការរៀនរស់នៅ និងធ្វើការក្នុងគន្លងជីវិតថ្មី៕ 

ដោយ ៖ សិលា


ចែករំលែក៖