ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យប្រើប្រាស់កម្លាំងប្រជាការពារ ចូលរួមការពារថ្ងៃបោះឆ្នោត ដោយត្រូវបណ្ដុះបណ្ដាលពួកគាត់ជាមុនសិន

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈបញ្ជាការសន្ដិសុខ

អចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) បានសម្រេចអនុញ្ញាតឱ្យលេខាធិការដ្ឋាននៃគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) ប្រើប្រាស់កម្លាំងប្រជាការពារ ដើម្បីចូលរួមការពារថ្ងៃបោះឆ្នោត ដោយត្រូវបណ្ដុះបណ្ដាលពួកគាត់ឱ្យមានសមត្ថិភាពខ្ពស់។ ការអនុញ្ញាតនេះដោយសារតែគោលដៅនៃការិយាល័យបោះឆ្នោតមានច្រើនកន្លែងហើយការប្រើប្រាស់កម្លាំងនគរបាលជាតិ និងកងរាជអាវុធហត្ថមិនគ្រប់គ្រាន់នៅឡើយ។ នេះបើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្ដរស្ថាប័ន ស្ដីពីកិច្ចការ ការពារការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិចាប់ពីឆ្នាំ២០២២-២០២៤ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។

នាឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍បន្ថែមទៀតថា សម្រាប់ប្រជាការពារ ដែលជួយការពារក្នុងថ្ងៃបោះឆ្នោត ត្រូវទទួលបានការបណ្តុះបណ្តាលច្បាប់ទម្លាប់ អកប្បកិរិយា សីលធម៌ ក្នុងពេលបំពេញការងារ ធ្វើយ៉ាងណាដើរតួជាកម្លាំងសន្តិសុខសម្រាប់ការបោះឆ្នោត មិនមែនការពារតែក្រុមបក្សណាមួយនោះទេ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់បន្ថែមថា ការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ បានបោះឆ្នោតជាច្រើនលើក និងច្រើនសារនាពេលកន្លងទៅរួមទាំងការបោះឆ្នោតជាតិនាពេលខាងមុខ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រប្រកបដោយមោទកភាពជាតិដែលជាសក្ខីភាពនៃឆន្ទៈនយោបាយ និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការជំរុញឱ្យមានអភិបាលកិច្ចល្អបន្ដអនុវត្តនយោបាយវិមជ្ឈការ និងវិសហមជ្ឈការព្រមទាំងថ្នាក់មូលដ្ឋានដែលជាជម្រើសនយោបាយសម្រាប់ការអភិវឌ្ឍដ៏សមស្រប និងល្អប្រសើរបំផុតសម្រាប់កម្ពុជា។

ក្នុងនោះដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) ក៏បានណែនាំដល់កងកម្លាំងអនុវត្តច្បាប់ទាំងអស់ដែលមានភារកិច្ចថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ត្រូវខិតខំបំពេញមុខងារសាធារណៈរបស់ខ្លួនឱ្យបានម៉ត់ចត់ ច្បាស់លាស់ក្នុងស្មារតីទទួលខុសត្រូវចំពោះមុខច្បាប់ គោរពសិទ្ធិរបស់មនុស្សគ្រប់រូប។ ទន្ទឹមនឹងនោះ ក៏ត្រូវទប់ស្កាត់ឱ្យបានរាល់អំពើកេងចំណេញនានា ពីការកេងចំណេញផ្នែកនយោបាយ ព្រមទាំងជៀសឱ្យបានដាច់ខាតនៅអំពើហិង្សា ការបង្កអសន្តិសុខ និងអស្ថេរភាពសង្គមនៅក្នុងដំណាក់កាលឆ្ពោះទៅកាន់ការបោះឆ្នោតនីមួយៗ៕

ដោយ ៖ សិលា


ចែករំលែក៖