ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយបានឆាបឆេះឃ្លាំងស្តុកកៅអីនិងក្តារខៀនចាស់ៗអស់ទាំងស្រុងនៅក្នុងសាកលវិទ្យាល័យភូមិន្ទភំ្នពេញ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង០៧និង១០នាទីយប់ ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមីនាឆ្នាំ២០២២ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ក្នុងភូមិ១៦ ក្រុម៦១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា អ្នកគ្រប់គ្រងទីតាំងឈ្មោះ សំ សំអុល ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរ ប្រធានការិយាល័យរដ្ឋបាល ។ ចំពោះមូលហេតុគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ។
ប្រភេទសំណង់: ថ្មបេងតុង ទំហំ ៨ម៉ែត្រx២៥ម៉ែត្រ ដោយខូចខាតសម្ភារឃ្លាំងស្តុកកៅអីចាស់ៗ ក្តារខៀនអស់ទាំងស្រុង តែពុំបណ្ដាលឱ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។
ក្នុងហេតុការណ៍នេះមិនបណ្ដាលឱ្យមនុស្សណាម្នាក់ស្លាប់ ឬរងរបួសនោះទេ ដោយកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៨គ្រឿង ប្រេីប្រាស់ទឹកអស់ ៥រថយន្ត ស្មើនឹង២០ម៉ែត្រគូប ហើយបានពន្លត់ចប់នៅវេលាម៉ោង៨និង០០នាទី យប់ថ្ងៃខែឆ្នាំដដែល ៕
ដោយ ៖ ភារ៉ា ដង្កោ