ខេត្តកណ្ដាល ៖ បុរសជនជាតិវៀតណាមម្នាក់ខណៈកំពុងបើកបរម៉ូតូមេឃកំពុងភ្លៀង ស្រាប់តែមានរថយន្តមួយគ្រឿងបើកបុកពីក្រោយពេញទំហឹង បណ្ដាលឱ្យម៉ូតូខ្ទាតទៅកណ្ដាលទ្រូងផ្លូវ រីឯអ្នកបើកបរម៉ូតូរងរបួសធ្ងន់។ ករណីនេះបានកើតឡើងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២វេលាម៉ោង១៦និង១០នាទី នៅលើផ្លូវជាតិលេខ១១៦A ស្រែអំពិល ចំណុចភូមិស្តៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកៀនស្វាយបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ប៉ាង វៀងយ៉ាង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅបណ្តោះអាសន្ននៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរបុគ្គលិកការដ្ឋានរោងចក្រម៉ាទ្រីត បើកបរម៉ូតូម៉ាកYAMAHA EXCITER 150cc ពណ៌ខ្មៅ ប្រភេទតួស្រី គ្មានស្លាកលេខ។ ចំណែករថយន្តមិនស្គាល់ម៉ាក បានបើករត់គេចខ្លួនបាត់ស្រមោល។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើគេបានឃើញម៉ូតូ១គ្រឿងម៉ាកYAMAHA EXCITER 150cc ពណ៌ខ្មៅ បើកបរក្នុងទិសដៅពីត្បូងទៅជើងពេលមេឃកំពុងភ្លៀង ហើយខណៈបើកមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ត០១គ្រឿងមិនស្គាល់អត្តសញ្ញាណបើកក្នុងទិសដៅស្របគ្នាបានមកបុកពីក្រោយម៉ូតូជនរងគ្រោះពេញទំហឹង ធ្វើឱ្យម៉ូតូផ្លោងទៅកណ្តាលទ្រូងផ្លូវក៏មានរថយន្ត០១គ្រឿងទៀតមិនស្គាល់អត្តសញ្ញាណធ្វើដំណើរក្នុងទិសដៅផ្ទុយមកបុកចំម៉ូតូបន្ថែមទៀតបណ្តាលឱ្យម៉ូតូរងការខូចខាតធ្ងន់ រីឯអ្នកបើកបរម៉ូតូក៏រងរបួសធ្ងន់ដែរត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាលបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។ ចំណែករថយន្តបានបើករត់ចេញពីកន្លែងកើតហេតុបាត់មុនពេលសមត្តកិច្ចទៅដល់។
ក្រោយមានហេតុការណ៍កើតឡើង ម៉ូតូពាក់ពន្ធ័ត្រូវបានកម្លាំងជំនាញស្រុកកៀនស្វាយធ្វើការវាស់វែងយកមករក្សាទុកដើម្បីបន្តការស្រាវជ្រាវតាមនីតិវិធី៕
ដោយ៖ ស្អាង ជ័យ