ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមួយគ្រឿងបើកឆ្លងផ្លូវត្រូវរថយន្តមួយគ្រឿងទៀតមកបុកបណ្តាលឱ្យរងការខូចខាតទាំងសងខាង

ចែករំលែក៖

      ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តយ៉ាងលឿនមិនប្រយ័ត្នបានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតដែលបើកបត់ឆ្លងផ្លូវ រួចបន្តទៅបុករថយន្ត Ford Ranger មួយគ្រឿងបន្ថែមទៀតបណ្តាលឱ្យរងការខូចខាត។

      ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ១១និង២០នាទីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2BI-9507 បើកបរចេញពីស្ថានីយប្រេងឥន្ធនៈតូតាល់ក្នុងទិសដៅពីត្បូងទៅជើង រួចបានបត់ឆ្វេងបម្រុងឆ្លងទៅផ្លូវម្ខាងទៀត តែពេលបត់ដល់ពាក់កណ្តាលផ្លូវស្រាប់តែមានបុរសម្នាក់ បានបើករថយន្តម៉ាកតូយ៉ូតាកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AN-3902 បើកបរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីលិចទីកើតមកដល់ចំណុចកើតហេតុជាន់ហ្រ្វ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តតូយ៉ូតាព្រូស ចំពីចំហៀងមុខខាងឆ្វេងពេញទំហឹង បណ្តាលឱ្យរងការខូចខាតខ្ទេចមួយកំណាត់មុខ រួចបន្តទៅបុករថយន្តម៉ាកFord  Ranger មួយគ្រឿងទៀតរងការខូចខាតតិចតួច តែម្ចាស់រថយន្តFord  Ranger មិនចង់វែងឆ្ងាយ ក៏បើកទៅបាត់ទៅ ។

   នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឱ្យមានមនុស្សរងរបួសនោះទេគ្រាន់តែរងការខូចខាតរថយន្តតែប៉ុណ្ណោះ។

    បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានឱ្យភាគីទាំង២សម្រួលគ្នាតែសម្រួលមិនត្រូវ ក៏ទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំឱ្យភាគីទាំង២ដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ជ្រោយ ពេជ្រ


ចែករំលែក៖