ព័ត៌មានទាន់ហេតុការណ៍៖

លោកយាយអាយុ៨៥ឆ្នាំម្នាក់ខណៈកំពុងដើរតាមដងផ្លូវត្រូវម៉ូតូមួយគ្រឿងបុកស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្ដាល ៖ លោកយាយចំណាស់អាយុ៨៥ឆ្នាំម្នាក់ត្រូវបានម៉ូតូមួយគ្រឿងបើកបុកស្លាប់យ៉ាងអាណោចអាធ័ម ខណៈដែលគាត់កំពុងដើរនៅតាមដងផ្លូវកាលពីម៉ោង១៩និង៣០នាទីថ្ងៃទី២៨ខែមីនា ឆ្នាំ២០២២ លើផ្លូវបេតុង ក្នុងភូមិអន្លង់ព្រីង ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

    មន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះ សេម សួន  ភេទស្រី អាយុ៨៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិអន្លង់ព្រីង ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល(ជាអ្នក​ថ្មើរជើង)​។ ចំណែកម៉ូតូបង្កហេតុម៉ាកហុងដា CBR ធុនសេ២៥០ ពណ៌ស+ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១GL-២៤៨១ បើកបរដោយឈ្មោះ យ៉ាន់ សីហា ភេទប្រុស អាយុ​២៩ឆ្នាំ មានទីលំនៅភូមិតាតៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់  ខេត្តតាកែវ។ 

    ប្រភពដដែលបន្តថា​ នៅវេលាម៉ោងកើតហេតុគេបានឃើញលោកយាយរងគ្រោះជាអ្នកថ្មើរជើងធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងបើកដោយល្បឿនលឿនក្នុងទិសដៅបញ្ច្រាសគ្នាបានមកបុកលោកយាយរងគ្រោះពេញទំហឹង បណ្ដាលឱ្យលោកយាយរងគ្រោះស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។ 

     ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបរម៉ូតូត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួនៅអធិការដ្ឋាន។ ចំពោះវត្តុតាងកម្លាំងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋានជាបណ្ដោះអាសន្នដើម្បីចាត់ការតាមច្បាប់។  ចំណែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

     តាមការសន្និដ្ឋាន​ ករណីនេះបង្កឡើងដោយអ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន៕

ដោយ៖ស្អាងជ័យ


ចែករំលែក៖