ព័ត៌មានទាន់ហេតុការណ៍៖

ពិធីបើកការដ្ឋានសាងសង់គម្រោងអគារសិក្សាចម្រុះក្រោមជំនួយរបស់កងទ័ពចិនជូនចំពោះវិទ្យាស្ថានទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបង្ហោះលើផេកផ្លូវការថា, នាថ្ងៃទី២៨ខែមីនា ពិធីបើកការដ្ឋានសាងសង់គម្រោងអគារសិក្សាចម្រុះដែលជាជំនួយសាងសង់ដោយកងទ័ពចិនជូនចំពោះវិទ្យាស្ថានទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ត្រូវបានរៀបចំឡើងយ៉ាងអធឹកអធម។ 

សូមបញ្ជាក់ថា, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងលោក Zhu Shuaifei អនុព័ន្ធយោធារងនៃស្ថានទូតចិនប្រចាំកម្ពុជាអញ្ជើញចូលរួមក្នុងពិធីខាងលើនេះ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន មានប្រសាសន៍ថា កម្ពុជានិងចិនគឺជាមិត្តដែកថែប។ ការអភិវឌ្ឍន៍របស់កម្ពុជាមិនអាចកាត់ផ្ដាច់ពីការជួយគាំទ្រពីភាគីចិនដែលជាបងប្អូនល្អរបស់កម្ពុជាបានដែរ។ ដោយសារតែមានការផ្តល់ជូននូវវ៉ាក់សាំងកូវីដពីភាគីចិនយ៉ាងច្រើន ទើបធ្វើឱ្យអត្រានៃការចាក់វ៉ាក់សាំងរបស់កម្ពុជាមានចំនួនលើសពី៩២% បានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដទៃទៀតដែលមានអត្រានៃការចាក់វ៉ាក់សាំងខ្ពស់ជាងគេនៅក្នុងតំបន់និងពិភពលោក។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កងទ័ពកម្ពុជានិងចិនបានសហការគ្នាយ៉ាងរលូនលើបណ្ដាវិស័យ និងទទួលបានសមិទ្ធផលផ្លែផ្កាជាទីគាប់ចិត្ត។ ភាគីចិនតែងផ្តល់ការគាំទ្រយ៉ាងមុតមាំក្នុងការអភិវឌ្ឍន៍កសាងវិទ្យាស្ថានទ័ពជើងកងទ័ព និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សយ៉ាងច្រើនសម្រាប់វិស័យការពារជាតិនិងវិស័យយោធាក្នុងប្រទេសកម្ពុជា។ ភាគីកម្ពុជាសូមថ្លែងអំណរគុណដោយស្មោះ។

ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា  បានលើកឡើងថា, លោក Zhu Shuaifei មានប្រសាសន៍ថា ចិននិងកម្ពុជាជាបងប្អូនល្អដែលស្គាល់ចិត្តគ្នាទៅវិញទៅមកនិងតែងរួមសុខទុក្ខជាមួយគ្នា។ ប្រឈមមុខនឹងការប្រែប្រួលស្ថានភាពលើពិភពលោកនិងការញាញីដោយជំងឺកូវីដ១៩ដែលពុំធ្លាប់មានពីមុនមក ប្រទេសទាំងពីរតែងជួយគ្នាទៅវិញទៅមកនិងរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដមួយនេះ បានជួយជំរុញការកសាងសហគមន៍វាសនារួមយ៉ាងមុតមាំ បង្កើតបានជាគំរូទំនាក់ទំនងអន្តរជាតិបែបថ្មី។ វិទ្យាស្ថានទ័ពជើងគោកគឺជាសមិទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងទ័ពចិននិងកម្ពុជា គឺជានិមិត្តរូបដ៏សំខាន់នៃចំណងមិត្តភាព“ដែកថែប”រវាងកងទ័ពទាំងពីរ និងជាការបង្ហាញពីការអនុវត្តអត្ថន័យស្នូលនៃសហគមន៍វាសនារួមរវាងចិននិងកម្ពុជាក្នុងវិស័យបណ្តុះបណ្តាលធនធានមនុស្សសម្រាប់យោធា។ កងទ័ពចិននឹងបន្តផ្តល់ជំនួយដល់កងទ័ពកម្ពុជាទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ជួយជំរុញកិច្ចសហប្រតិបត្តិការយោធាប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មីមួយទៀតនិងទទួលបានវឌ្ឍនភាពថ្មីៗ៕

ដោយ ៖ សិលា


ចែករំលែក៖