ភ្នំពេញ ៖ បុរសម្នាក់ដែលបានតាំងខ្លួនជារដ្ឋលេខាធិការបម្រើការងារនៅខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី នៃទីស្តីការគណ:រដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញចាប់ខ្លួនបញ្ជូនទៅតុលាការពាក់ព័ន្ធពីបទក្លែងបន្លំឯកសារសាធារណ: និងប្រើប្រាស់ឯកសារសាធារណៈក្លែង(ក្លែងលិខិតបញ្ជាក់ការងារ ក្លែងអនុក្រឹត្យស្តីពីការតែងតាំងមន្ត្រីរាជការ ក្លែងហត្ថលេខា និងក្លែងត្រារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្លែងបណ្ណសម្គាល់ខ្លួន ក្លែងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ)ទៅឆបោ កប្រាក់អ្នកដទៃចំនួន៨.៥០០ដុល្លារដើម្បីយកទៅរត់ការចូលក្របខ័ណ្ឌបម្រើការងារនៅក្រសួងទេសចរណ៍ ។
បុរសរូបនោះមានឈ្មោះ ទ្រី សារិទ្ធិ ជាឈ្មោះពិតប្រាកដ និងឈុន ហុងលី ជាឈ្មោះតែងតាំងខ្លួនឯងក្លែងធ្វើជារដ្ឋលេខាធិការ អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា សមត្ថកិច្ចបានធ្វើការចាប់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការ គឹយោងទៅលើពាក្យបណ្តឹង
របស់មេធាវីទីស្តីការគណ:រដ្ឋមន្ត្រី ក្រោយពីបានពិនិត្យឃើញថា រាល់ឯកសារពាក់ព័ន្ធដូចខាងលើ គឺជនសង្ស័យឈ្មោះ ឈុន ហុងលី ពិតជាក្លែងក្លាយទាំងអស់ ដែលបានតាំងខ្លួនឯងជារដ្ឋលេខាធិការទៀតផង ហើយឈ្មោះនេះបានទៅឆបោកប្រាក់ពីអ្នកដទៃចំនួន ៨.៥០០ដុល្លារដើម្បីយកទៅរត់ការឱ្យគេបានចូលក្របខ័ណ្ឌក្រសួងទេសចរណ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ ក្នុងអំឡុងខែកុម្ភ: ឆ្នាំ២០២២ ។
សំណុំរឿងនេះបានស្ថិតនៅលើដៃលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ដែលពេលនេះបាននិងកំពុងដំណើរការបើកការស៊ើបសួរនៅឡើយទេ ។ ប៉ុន្តែបើពិនិត្យលើអង្គហេតុបទល្មើសដូចការចោទប្រកាន់នោះ បុរសរូបនេះមិនអាចគេចផុតពីការឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ននោះឡើយ ៕
ដោយ ៖ រ៉ារ៉ា