ខេត្តបាត់ដំបង៖ បុរសម្នាក់ព្រោះតែខឹងនឹងឪពុកជេរស្តីបន្ទោសបានយកកាំបិតកាប់ជញ្ជាំងផ្ទះនិងដុតសម្ភារក្នុងផ្ទះឆេះផ្អើលដល់អ្នកជិតខាងរត់ចែកជើងគ្នាចេញមកជួយបាញ់ទឹកពន្លត់។
សមត្ថកិច្ចបានឱ្យដឹងថា ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង៨និង០០នាទីថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២២ ស្ថិតនៅចំណុចក្រុមទី៨ ភូមិនិគមកណ្តាល ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ករណីអគ្គិភ័យដែលបណ្តាលមកពីកូនអកត្តញ្ញូនេះដែរបណ្តាលឱ្យឆេះផ្ទះ១ខ្នងដែលមានទំហំ ៤ម៉ែត្រx៥ម៉ែត្រ សង់អំពីឈើផ្ទាល់ដី ជញ្ជាំងស័ង្កសី និងដំបូលប្រក់ស័ង្កសី (ខូចខាត២០%) ដែលមានម្ចាស់ឈ្មោះ យូ សឿង ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ហើយសម្ភារខូចខាតក្រៅពីផ្ទះរួមមាន៖ ឧបករណ៍បំពងសំឡេង ០១ឈុត, គ្រែ០១ សរុបជាទឹកប្រាក់អស់ប្រហែល ១,១០០,០០០រៀល ( មួយលានមួយរយពាន់រៀល)តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលផ្តើមឱ្យឆេះផ្ទះនេះគឺបណ្តាលមកពីឈ្មោះ ទី រស់ ភេទប្រុស អាយុ២៤ឆ្នាំ ត្រូវជាកូនបង្កើតជនរងគ្រោះបានខឹងឪពុកជេរពេកក៏យកកាំបិតកាប់ជញ្ជាំងផ្ទះ និងដុតសម្ភារក្នុងផ្ទះតែម្តង ហើយភ្លាមៗនោះដែរសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿងមកជួយបាញ់ទឹកពន្លត់ ប៉ុន្តែមិនបានប្រើប្រាស់ទឹកទេដោយសារពេលកើតហេតុភ្លាមអ្នកជិតខាងបានយកទុយយោជួយបាញ់ពន្លត់ទាន់ពេលវេលា៕
ដោយ៖ ចន្ទ លីហ្សា