ភ្នំពេញ៖ មកដល់ថ្ងៃនេះ គឺមានរយះពេល១ខែ និង២២ថ្ងៃហើយ ! ដែលក្រុមការងារអគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃកំពុងចុះស្រាវជ្រាវ ធ្វើការស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់បំផុត ចំពោះបណ្តឹងជនរងគ្រោះ ប្តឹងលោកឧត្តមសេនីយ៍ទោ តេង ប៊ុនថុន អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ខណៈកន្លងទៅ លោក អុីវ លាង អគ្គាធិការ អគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃ គឺនៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ លោកមានប្រសាសន៍ថា “ត្រូវបានបើកដំណើរស្រាវជ្រាវហើយ” ក្រោយមានចំណារឯកភាពពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រុមការងារអគ្គាធិការដ្ឋាន បានយកចិត្តទុកដាក់ក្នុងរឿងនេះបំផុត ! ហើយក្រុមការងារបានចាប់ដំណើរការនីតិវិធីចុះស៊ើបអង្កេត ស្រាវជ្រាវ ប៉ុន្តែចំពោះលទ្ធផលដែលយើងទទួលបានបែបណាៗ នោះចាំបន្តបញ្ជាក់ជូនទៀត ខណៈពេលនេះក្រុមការងារជំនាញកំពុងចុះធ្វើការនៅឡើយ។
សូមបញ្ជាក់ថា, ពាក់ព័ន្ធជនរងគ្រោះឈ្មោះ ខេង ពិទូពុធធីតា និងឈ្មោះសឿម ណារិន ប្តឹងលោកឧត្តមសេនីយ៍ទោ តេង ប៊ុនថុន អត្តលេខ ៦២៧៨៤ មានតួនាទី អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និង បក្ខពួក ករណីចាប់បង្ខាំង ដោយខុសច្បាប់ ជំរិតទារប្រាក់ និងផ្ដល់ព័ត៌មានបំភ្លៃដល់បក្ខពួករបស់ខ្លួន ដែលជាអ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយបង្ខូចកេរ្ដិ៍ឈ្មោះ និងសុចរិតភាពរបស់ហាងម៉ូដស្ទ័រ និងម្ចាស់ហាងនោះ។ លោក អុីវ លាង អគ្គាធិការ អគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានប្រាប់ អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” តាមទូរស័ព្ទ ចំពោះបណ្តឹងជនរងគ្រោះ ប្តឹងលោកឧត្តមសេនីយ៍ទោ តេង ប៊ុនថុន អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ លោកមានប្រសាសន៍អោយដឹងថា, “មិនទាន់បញ្ចប់នៅឡើយទេណា គឺនៅត្រឹមកណ្តាល ហើយក្រុមការងារកំពុងចាប់ផ្តើមបន្តទៀត” ។
សូមរម្លឹកថា, លោកឧត្តមសេនីយ៍ទោ តេង ប៊ុនថុន អត្តលេខ ៦២៧៨៤ មានតួនាទី អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ត្រូវបានជនរងគ្រោះ (អ្នករកស៊ីស្របច្បាប់)ប្តឹងទៅក្រសួងមហាផ្ទៃ ក្នុងអំពើចាប់បង្ខាំង និងជំរិតទារប្រាក់ ដែលរឿងនេះត្រូវបានអគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ ធ្វើរបាយការណ៍ សូមគោរពជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, តាមរយៈលោក អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុក សំណើសុំគោលការណ៍អង្កេតស្រាវជ្រាវបណ្ដឹងរបស់ឈ្មោះ ខេង ពិទូពុធធីតា និងឈ្មោះ សឿម ណារិន ប្ដឹងឈ្មោះ តេង ប៊ុនថុន អត្តលេខ ៦២៧៨៤ ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ តួនាទី អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ។ ក្នុងនោះ លោក អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុក បានចំណារថា, (បានឃើញនិងឯកភាព សូមគោរពជូនសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាពិនិត្យសំរេចដ៏ខ្ពង់ខ្ពស់) ។ ដោយឡែកសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចំណារថា, (ឯកភាព)។ ទីបំផុត ! ក្រុមការងារអគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃ ចាប់ផ្តើមដំណើរការនីតិវិធីចុះស្រាវជ្រាវ ក្នុងរឿងនេះដោយយុត្តិធម៌សម្រាប់ផ្តល់ជូនគូភាគី ។
នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ,អង្គភាពមជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” សូមដកស្រង់ទាំងស្រុង នៃលិខិតអគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ ធ្វើរបាយការណ៍ សូមគោរពជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ , តាមរយៈលោក អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុក សំណើសុំគោលការណ៍អង្កេតស្រាវជ្រាវបណ្ដឹងរបស់ឈ្មោះ ខេង ពិទូពុធធីតា និងឈ្មោះ សឿម ណារិន ប្ដឹងឈ្មោះ តេង ប៊ុនថុន អត្តលេខ ៦២៧៨៤ ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ តួនាទី អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដូចខាងក្រោមដោយបញ្ជាក់ថា
កម្មវត្ថុ : -សំណើសុំគោលការណ៍អង្កេតស្រាវជ្រាវបណ្ដឹងរបស់ឈ្មោះ ខេង ពិទូពុធធីតា និងឈ្មោះ សឿម ណារិន ប្ដឹងឈ្មោះ តេង ប៊ុនថុន អត្តលេខ ៦២៧៨៤ ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ តួនាទី អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម(គ.ប.ផ.ក) និង បក្ខពួក ករណីចាប់បង្ខាំងរូបនាងខ្ញុំ ខេង ពិទូពុធធីតា ដោយខុសច្បាប់ ជំរិតទារប្រាក់ និងផ្ដល់ព័ត៌មានបំភ្លៃដល់បក្ខពួករបស់ខ្លួន ដែលជាអ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយបង្ខូចកេរ្ដិ៍ឈ្មោះ និងសុចរិតភាពរបស់ហាងម៉ូដស្ទ័រ និងម្ចាស់ហាង។ ពាក្យបណ្តឹងរបស់ឈ្មោះ ខេង ពិទូពុធធីតា និងឈ្មោះ សឿម ណារិន ចុះថ្ងៃទី១០ ខែវិច្ឆិភា ឆ្នាំ២០២១។
តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមគោរពជម្រាបជូន សម្តេចក្រឡាហោម មេត្តាជ្រាបថា ក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងរបស់ឈ្មោះ តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមគោរពជម្រាបជូន សម្តេចក្រឡាហោម មេត្តាជ្រាបថា ក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងរបស់ឈ្មោះ ខេង ពិទូពុធធីតា និងឈ្មោះ សឿម ណារិន
ចុះថ្ងៃ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលបានប្តឹងឈ្មោះ តេង ប៊ុនថុន អត្តលេខ ៦២៧៨៤ ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ តួនាទីអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) និងបក្ខពួក ថាបាន ចាប់បង្ខាំងរូបនាង (ខេង ពិទូពុធធីតា) ដោយខុសច្បាប់ ជំរិតទារប្រាក់ និងផ្តល់ព័ត៌មានបំភ្លៃដល់បក្ខពួក របស់ខ្លួន ដែលជាអ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយបង្ហូចកេរ្តិ៍ឈ្មោះ និងសុចរិតភាពរបស់ហាងម៉ូដស្ទ័រ និង ម្ចាស់ហាង។
ក្នុងពាក្យបណ្តឹងបានលើកឡើងថា ហាងម៉ូដស្ទ័រ បានចុះបញ្ជីកានៅក្រសួងពាណិជ្ជកម្ម និង មានអាជ្ញាប័ណ្ណស្របច្បាប់ ពីស្ថាប័នពាក់ព័ន្ធទាំងអស់ ហើយថែមទាំងបានលក់តែផលិតផលសុទ្ធមួយរយ ភាគរយ(១០០%) អស់រយៈពេលជិតប្រាំឆ្នាំមកហើយ ដោយមានឈ្មោះ ខេង ពិទូពុធធីតា និងឈ្មោះ សឿម ណារិន ជាម្ចាស់ហាងម៉ូដស្ទ័រ ហើយកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ០៩និង០០នាទីព្រឹក មានសមត្ថកិច្ចចម្រុះមួយក្រុម ដឹកនាំដោយព្រះរាជអាជ្ញារង ចែ សុង និងលោក តេង ប៊ុនថុន បានចុះមកហាងម៉ូដស្ទ័រ ធ្វើការឆែកឆេរទំនិញនៅក្នុងហាង ដោយអះអាងផ្ទាល់មាត់ថាមាន បណ្ដឹងពាក់ព័ន្ធនឹងការលក់ទំនិញជាន់កម្មសិទ្ធិរបស់ក្រុមហ៊ុនអ្នកដទៃ ហើយបានចាប់បង្ខាំងទុកឈ្មោះ ខេង ពិទូពុធធីតា ក្នុងបន្ទប់មួយនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងតម្រូវឱ្យឈ្មោះ សឿម ណារិនជួបចរចាជាមួយលោក តេង ប៊ុនថុន នៅក្នុងភោជនីយដ្ឋាន ឌឺដ្រាម និងផាប់ ដែលមានទីតាំងនៅមុខ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយលោក តេង ប៊ុនថុន បានតម្រូវឱ្យផ្ដល់កញ្ចប់ថវិកាមួយចំនួន។
នៅក្នុងលិខិតនោះបញ្ជាក់ទៀតថា, លោក តេង ប៊ុនថុន យកទៅចែកចាយឱ្យក្រុមការងារចុះឆែកឆេរ និងអាជ្ញាធរមូលដ្ឋាន ហើយគាត់បាន ទាមទារយកបន្ថែមទៀតនូវកាបូប ប្រែនសុទ្ធ នាឡិកាដៃមួយគ្រឿង កាបូបដាក់ឯកសារមួយម៉ាកម៉ុងម្ល៉ង់ (MONTBlANC) ជាថ្នូរនឹងការសន្យាកែប្រែកំណត់ហេតុរបស់សមត្ថកិច្ចនគរបោលឡើងវិញ និងព្រមដោះលែង ឈ្មោះ ខេង ពិទូពុធធីតា ឱ្យចេញពីបន្ទប់ឃុំខ្លួនទាំងយប់។
យោបល់អគ្គាធិការដ្ឋាន +
ក្រោយពីបានពិនិត្យខ្លឹមសារនៃពាក្យបណ្តឹងខាងលើឃើញថា ករណីនេះមានការចោទប្រកាន់ មកលើមន្ត្រីនគរបាល បម្រើការងារនៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះ ថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម(គ.ប.ផ.ក) ក្រសួងមហាផ្ទៃ ដូច្នេះដើម្បីមាន មូលដ្ឋានច្បាស់លាស់ក្នុងការវាយតម្លៃ រាយការណ៍ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គាធិការដ្ឋាន សូមគោរព ស្នើសុំគោលការណ៍អនុញ្ញាតពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចាត់មន្ត្រីនគរបាលជំនាញធ្វើការអង្កេតស្រាវជ្រាវ។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់។
សូម សម្តេចក្រឡាហោម មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ ។
លោក អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តាមទូរស័ព្ទជាមួយ អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ពាក់ព័ន្ធករណី លោកបានមានប្រសាសន៍ថា, សូមទោសផងប្អូន រឿងច្រើន ខ្ញុំចាំមិនបានអស់ ប៉ុន្តែខ្ញុំដឹងថា, ខ្ញុំបានឃើញនិងឯកភាព ដូច្នេះប្អូនអាចសួរទៅកាន់ អគ្គាធិការដ្ឋាន អាចគេបញ្ជាក់ប្រាប់ច្បាស់។
ក្នុងករណីនេះ លោក អុីវ លាង អគ្គាធិការ អគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានប្រាប់ អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” តាមទូរស័ព្ទ, ចំពោះបណ្តឹងជនរងគ្រោះ ប្តឹងលោកឧត្តមសេនីយ៍ទោ តេង ប៊ុនថុន អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ លោកមានប្រសាសន៍អោយដឹងថា, “មិនទាន់បញ្ចប់នៅឡើយទេណា គឺនៅត្រឹមកណ្តាល ហើយក្រុមការងារកំពុងចាប់ផ្តើមបន្តទៀត” ។ ដោយឡែក លោកឧត្តមសេនីយ៍ទោ តេង ប៊ុនថុន អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅវេលាម៉ោង២និង៥៥នាទីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” មិនអាចទាក់ទងសុំការបំភ្លឺបានទេ ដោយទូរស័ព្ទលេខ (០១២ ៣២០ ៣២០) ត្រូវបានបិទ ឬស្ថិតនៅក្រៅតំបន់សេវា។
លោកឧត្តមសេនីយ៍ឯក តាន់ សុវិជ្ជា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ តាមទូរស័ព្ទ ជាមួយអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” នៅរសៀលថ្ងៃខែឆ្នាំដដែលនេះ ពាក់ព័ន្ធជនរងគ្រោះ ប្តឹងលោកឧត្តមសេនីយ៍ទោ តេង ប៊ុនថុន អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រុមការងារអគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃ កំពុងដំណើរការនីតិវិធីនោះ លោកបានប្រសាសន៍ថា, ករណីនេះខ្ញុំអត់បានដឹងទេ បើគេប្តឹងទៅក្រសួងមហាផ្ទៃ អាចសួរទៅខាងក្រុមការងារក្រសួងមហាផ្ទៃវិញល្អជាង ។
សូមបញ្ជាក់ថា, រឿងនេះជារឿងក្តៅ ដែលជនរងគ្រោះហ៊ានប្តឹងមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីទាមទាររកយុត្តិធម៌ ក្នុងប្រទេសដែលគ្រប់គ្រងដោយច្បាប់ ៕
ដោយ ៖ មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត”
ហាងម៉ូដស្ទ័រ(mode store)សមត្ថកិច្ចគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយធ្វើការឆែកឆេរទំនិញនៅក្នុងហាងកាលពីថ្ងៃទី០៣ ខែ វិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ។
ឧត្តមសេនីយ៍ទោ តេង ប៊ុនថុន អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។