ភ្នំពេញ ៖ លោក ឆឹម ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានសម្រេចចេញដីកាឃុំខ្លួនអាជីវករម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបានដែលបទល្មើសមានចែងតាមបញ្ញតិឱ្យផ្តន្ទាទោសតាមមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០២០។
ជនសង្ស័យឈ្មោះ ពៅ ចាន់ទី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ដូរតាមអនឡាញនិងចងការប្រាក់ មានទីលំនៅផ្ទះជួលក្នុងបុរីប៉េងហួតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនសង្ស័យត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការឃាត់ខ្លួន និងបញ្ជូនទៅតុលាការបន្ទាប់ពីមានពាក្យបណ្តឹងរបស់ភាគីម្ចាស់ប្រាក់ ។
ដើមចមនៃពាក្យបណ្តឹងនោះត្រូវបានគេដឹងថា កាលពីអំឡុងឆ្នាំ២០២០ ជនសង្ស័យបានទៅសុំខ្ចីប្រាក់ពីមនុស្សម្នាក់ដែលជាអ្នករាប់អានគ្នាម្តង៥ ម៉ឺនដុល្លារ និងខ្ចីជាបន្តបន្ទាប់មកទៀតសរុបរហូតដល់១០ម៉ឺនដុល្លារអាមេរិក ដើម្បីយកទៅធ្វើដើមទុនប្រកបមុខរបររកស៊ីលក់ដូរ និងចងការប្រាក់ ដោយមានកិច្ចសន្យាសងទៅដើមបណ្តឹងវិញតាមដំណាក់កាល ដែលក្នុងនោះដែរជនសង្ស័យបានប្រើប្រាស់មូលប្បទានបត្រចំនួន២សន្លឹកដាក់តម្កល់ឱ្យដើមបណ្តឹងជឿទុកចិត្ត ប៉ុន្តែសែកនោះជាសែកស្អុយ ក្រោយពេលភាគីដើមបណ្តឹងបានទៅដកប្រាក់ពីធនាគារ ។ អង្គហេតុដូចបានរៀបរាប់នេះហើយទើបដើមបណ្តឹងបាននាំខ្លួនជនសង្ស័យទៅប្រគល់ជូនសមត្តកិច្ចឱ្យជួយចាត់ការតាមផ្លូវច្បាប់។
ជនសង្ស័យក៏បានសារភាពដែរថា ខ្លួនពិតជាបានខ្ចីប្រាក់គេមែនសរុប៩ម៉ឺនដុល្លារអាមេរិក ដើម្បីយកទៅធ្វើដើមទុនរកស៊ី ប៉ុន្តែមុខរបរ និងចងការប្រាក់ត្រូវបាញ់បោកគេជាបន្ត ទើបវ័ណ្ឌកគ្មានលុយសងទៅដើមបណ្តឹង ដូច្នោះជម្រើសចុងក្រោយមានតែផ្ញើខ្លួនក្នុងពន្ធនាគារទេ ដើម្បីឱ្យធូរស្រាលបានមួយគ្រា ៕
ដោយ ៖ រ៉ារ៉ា