ខេត្តកំពត៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួង អញ្ជើញចុះពិនិត្យមើលស្ថានភាពនៃការជួសជុលថែទាំបណ្តោះអាសន្ន កំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ)ប្រវែង២០គីឡូម៉ែត្រក្នុងចំណោមប្រវែងសរុប៥៤គីឡូម៉ែត្រ ដើម្បីតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមការងារបច្ចេកទេសពាក់ព័ន្ធផងដែរ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសចុះពិនិត្យផ្លូវនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនថា៖ ផ្លូវជាតិលេខ៣ (កំពត-វាលរេញ)មានប្រវែងសរុប ៥៤,៣ គ.ម ក្នុងនោះធនាគារពិភពលោកបានផ្ដល់ថវិកា ស្ដារកំណាត់ផ្លូវនេះបានចំនួន ៣៤ គីឡូម៉ែត្ររួចហើយ ប៉ុន្តែកំណាត់ផ្លូវ២០គីឡូម៉ែត្រផ្សេងទៀតមានបញ្ហាច្រើនណាស់ ធ្វើមិនបានជាប់ទេ ធ្វើខូចរហូតតាំងពីយូរណាស់មកហើយ ធ្វើមិនដែលបានជាប់រឹងមាំទេ។
ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីលក្ខណៈបច្ចេកទេសក្នុងការធ្វើផ្លូវនេះឱ្យបានរឹងមាំនៅតំបន់ដែលមានដីស្អុយពោលគឺ៖ កំណាត់ផ្លូវ២០គីឡូម៉ែត្រនេះត្រូវបែងចែកជាពីរកំណាត់ ក្នុងនោះ៖ កំណាត់៥ គ.ម មានដីស្អុយជម្រៅរហូតដល់១៨ម៉ែត្រនៅផ្នែកខាងក្រោម តម្រូវឱ្យវាយសសរគ្រឹះឱ្យដល់ ជម្រៅ១៨ម៉ែត្រដើម្បីធ្វើឱ្យកំណាត់នេះរឹងមាំ ដោយឡែកចំពោះកំណាត់១៥ គីឡូម៉ែត្រទៀត ត្រូវពង្រឹងគ្រឹះ រួចហើយចាក់បេតុង២៦ស.ម លើវាទើបផ្លូវនេះមានភាពរឹងមាំជាប់បានយូរ។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឯកភាពជាមួយ នឹងក្រុមហ៊ុនCRBCរួចហើយលើការសាងសង់កំណាត់ផ្លូវនេះទៅតាមលក្ខណៈបច្ចេកទេស ហើយបច្ចុប្បន្នក្រសួងកំពុងរង់ចាំថវិកាដែលបានស្នើសុំទៅមិត្តចិន ដើម្បីយកមកសាងសង់ផ្លូវនេះតាមលក្ខណៈ បច្ចេកទេស ប៉ុន្តែមុននឹងក្រសួងទទួលបានថវិកាធ្វើកំណាត់ផ្លូវនេះ ផ្លូវខូចអស់ហើយសំបុកមាន់ច្រើន ពិបាកធ្វើដំណើរ យឺតយ៉ាវពេលវេលា ជាពិសេសពេលរដូវភ្លៀង ស្របពេលដែលផ្លូវជាតិលេខ៤កំពុងតែធ្វើការពង្រីកធ្វើឱ្យមានការកកស្ទះ នាំឱ្យមានការបង្វែរទិសចរាចរណ៍ពីផ្លូវជាតិលេខ៤ មកផ្លូវជាតិលេខ៣ នាំឱ្យចរាចរណ៍កាន់តែច្រើនឡើងៗ។
ដើម្បីដោះស្រាយបញ្ហាកំណាត់ផ្លូវ២០គីឡូម៉ែត្រនេះក្នុងកាលៈទេសៈចំពោះមុខនេះ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ជូនថា៖ ក្រសួងកំពុងតែខិតខំប្រឹងប្រែងស្វែងរកប្រភពថវិកាក្នុងការស្តារកំណាត់ផ្លូវនេះ ដើម្បីជួយសម្រួលការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ និងការដឹកជញ្ជូនឱ្យបានរលូនជាងមុនជាបណ្ដោះ អាសន្ន រហូតទាល់តែក្រសួងទទួលបានថវិកាសម្រាប់សាងសង់កំណាត់ផ្លូវនេះតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងអាចប្រើប្រាស់ជាប់យូរអង្វែង។
ឆ្លៀតក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី បានស្នើសុំការអធ្យាស្រ័យពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវ ជាពិសេសអ្នកប្រើប្រាស់កំណាត់ផ្លូវនេះ ចំពោះការបង្កឱ្យមានការលំបាកក្នុងការធ្វើដំណើរ យឺតយ៉ាវពេលវេលា និងបានសំណូមពរសុំកុំឱ្យមានការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ដែលនាំឱ្យផ្លូវកាន់តែមានសភាពខូចកាន់តែធ្ងន់ធ្ងរឡើងថែមទៀត៕
ដោយ៖សហការី