ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រី៧នាក់បានរងរបួសធ្ងន់និងស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹក។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី២៩ ខែ មីនា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៥៧-១៥៨ ស្ថិតនៅក្នុងភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថា បុរសដែលបើកម៉ូតូបង្កហេតុមានឈ្មោះយ៉ាន សូសំនៀង អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិបារាយណ៍ ឃុំមេសរថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង និងអ្នករួមដំណើរជាមួយ២នាក់មានឈ្មោះនួន វណ្ណេត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រនិងឈ្មោះ នួន ស្រីនីត ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១Q-៩៥៦២។
ចំណែកភាគីម្ខាងទៀតមានឈ្មោះម៉ិច រ៉ាវី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងអ្នករួមដំណើរ៣នាក់ទៀតមានឈ្មោះ ឃឹម ធីតា ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ, ឈ្មោះ ឈ មុឹង ភេទប្រុស អាយុ០៥ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ រី កា ភេទស្រី អាយុ០៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ បាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាឌ្រីម C១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១N-៩៧៧៦។
បើតាមសាក្សីបានឱ្យដឹងថា មុនកើតហេតុគេឃើញមនុស្សប្រុសស្រី៣នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១Q-៩៥៦២ក្នុងទិសដៅពីកើតទៅលិចលើផ្លូវជាតិលេខ១ ហើយក៏បានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ស្របពេលមានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម C១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១N-៩៧៧៦ជិះគ្នា៤នាក់ធ្វើដំណើរស្របទិសគ្នាជាន់ហ្វ្រ័ងមិនទាន់ក៏បុកគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលទាំងព្រឹកតែម្ដង។
ក្រោយមកអ្នករងរបួសត្រូវត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។ ចំណែកម៉ូតូទាំងពីរគ្រឿងត្រូវសមត្ថកិច្ចធ្វើការវាស់វែងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕
ដោយ៖ យឹម សុថាន