ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិ ដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្រាអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) លើកទី៦

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា , នាព្រឹកថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្រាអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) លើកទី៦ ដោយមានការអញ្ជើញចូលរួម លោក លោកស្រី រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ព្រមទាំងមន្រ្តីជំនាញជាច្រើនរូបផងដែរ។

ជាកិច្ចចាប់ផ្តើម សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ដោយកត់សម្គាល់ឃើញថា ឆ្នាំ២០២០ ជាឆ្នាំទី៤ នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម បន្ទាប់ពីបានអនុម័តដោយរាជរដ្ឋាភិបាលកាលពីខែមិថុនា ឆ្នាំ២០១៦។ ក្នុងនោះសម្តេចក្រឡាហោម បានមានប្រសាសន៍បន្ថែមថា ផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម គឺជាផែនការដ៏មានសារសំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានទស្សនវិស័យជាយុទ្ធសាស្ត្រយូរអង្វែង ក្នុងការដឹកនាំតម្រង់ទិសលើការងារគ្រប់គ្រងទិន្នន័យអត្តសញ្ញាណប្រជាពលរដ្ឋ តាមប្រព័ន្ធបច្ចេកវិទ្យាបែបទំនើប និងការប្រើប្រាស់ទិន្នន័យអត្តសញ្ញាណកម្មដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

លើសពីនេះទៀត សម្តេចក្រឡាហោម មានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្មនៅតែជាកិច្ចការអទិភាពខ្ពស់ដដែល សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៦ នៃនីតិកាលរដ្ឋសភា ដោយសារប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្មប្រជាពលរដ្ឋនេះជាឆ្អឹងខ្នងនៃប្រព័ន្ធផ្តល់សេវាទាំងអស់ ទាំងផ្នែកសាធារណៈ និងផ្នែកឯកជន ហើយជាកិច្ចការដែលកម្ពុជាត្រូវចូលរួមចំណែកក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

នាឱកាសនោះដែរ លោក នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានលេខាធិការដ្ឋាន គ.ជ.ដ.អ បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីការងារពាក់ព័ន្ធអត្តសញ្ញាណកម្ម គោរពជូន សម្តេចក្រឡាហោម និង អង្គប្រជុំជ្រាបថា ការងារអត្តសញ្ញាណកម្មបានផ្តោតលើការងារចម្បងពីរ គឺការគ្រប់គ្រងអត្តសញ្ញាណប្រជាពលរដ្ឋ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ។ ដោយឡែក ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ សំដៅដល់ការប្រើប្រាស់ទិន្នន័យអត្តសញ្ញាណបុគ្គល ដើម្បីផ្តល់សេវានានាជូនប្រជាពលរដ្ឋដូចជាការផ្តល់សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ លិខិតឆ្លងដែន ការចុះឈ្មោះចូលរៀន ការចុះបញ្ជីកម្មសិទ្ធិដីធ្លី ផ្ទះសម្បែង យានយន្ត និងការចុះបញ្ជីអាជីវកម្មជាដើម។

ជាមួយគ្នានោះលោក នាយឧត្តមសេនីយ៍ បានរាយការណ៍បន្ថែមទៀតថា នៅឆ្នាំ២០២១ គឺជាឆ្នាំទី៥ នៃការអនុវត្តផែនយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម (ឆ្នាំ២០១៧-២០២៦)។ ក្នុងឆ្នាំ២០២១ កម្ពុជាបានទទួលរងនូវផលប៉ះពាល់នៃវិបត្តជំងឺកូវីដ១៩ ដែលបានបណ្តាលឱ្យជួបប្រទះបញ្ហាប្រឈមមួយចំនួន។ តែទោះជាយ៉ាងណាក្តីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានខិតខំបំពេញភារកិច្ចនិងបានសម្រេចបាននូវវឌ្ឍនភាពការងារសំខាន់ៗបានយ៉ាងច្រើន។ ទទ្ទឹមនេះ លោក នាយឧត្តមសេនីយ៍ ក៏បានលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរមួយចំនួន ព្រមទាំងបានលើកឡើងនូវទិសដៅការងារដែលអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មព្យាយាមសម្រេចឱ្យបាននៅឆ្នាំបន្តបន្ទាប់។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានអនុញ្ញាតឱ្យ លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការ ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់អត្រានុកូលដ្ឋាន ស្ថិតិអត្រាកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដើម្បីធ្វើសេចក្តីរាយការណ៍ស្តីពីវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រាកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដោយលោកជំទាវ បានធ្វើសេចក្តីរាយការណ៍សង្ខេបចាប់តាំងពីការបង្កើតក្រុមការងាររៀបចំសេចក្តីព្រាងច្បាប់ រហូតដល់ការបញ្ចប់សេចក្តីព្រាង និងការប្រជុំឆ្លងជាបន្តបន្ទាប់។ 

ជាថ្មីម្តងទៀត សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់នូវមតិបូកសរុបដ៏ខ្ពង់ខ្ពស់នូវលទ្ធផលនៃកិច្ចប្រជុំសាមញ្ញ លើកទី៥ របស់ គណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្រាអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) និងបានផ្តល់អនុសាសន៍ដឹកនាំលើបញ្ហាចម្បងមួយចំនួនដើម្បីធ្វើយ៉ាងណា ឱ្យការងារពាក់ព័ន្ធអាចសម្រេចបានប្រកបដោយជោគជ័យ។

បន្ថែមពីនេះទៀត សម្តេចក្រឡាហោម ក៏បានមានប្រសាសន៍លើកទឹកចិត្តដល់ក្រុមការងារឱ្យបន្តខិតខំយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីអនុវត្តនូវការងារខាងលើឱ្យទទួលបានលទ្ធផលល្អប្រសើរតាមការរំពឹងទុក។ ជាមួយគ្នានេះដែរសម្តេចក្រឡាហោម បានណែនាំដល់លេខាធិការដ្ឋាន នៃគ.ជ.ដ.អ ឱ្យរៀបចំកំណត់ហេតុសង្ខេបស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់ គ.ជ.ដ.អ លើកទី៥សម្រាប់ជូនដល់ស្ថាប័នយកទៅអនុវត្តបន្ត។ ទន្ទឹមនឹងនេះសម្តេចក្រឡាហោម ក៏បានជំរុញឱ្យក្រុមការងារបន្តស្វែងរកដៃគូអភិវឌ្ឍន៍ដើម្បីជួយគាំទ្រការអនុវត្តផែនការយុទ្ធសាស្ត្រនានាខាងលើផងដែរ ៕

ដោយ៖ សិលា


ចែករំលែក៖