កិច្ចពិភាក្សាសន្តិភាពលើកទី៥ រវាងរុស្ស៊ីនឹងអ៊ុយក្រែនបានចាប់ផ្តើមឡើងហើយនៅថ្ងៃទី២៩ខែមីនា នៅក្នុងទីក្រុង អុីស្តង់ប៊ុល ប្រទេសតួកគី ក្រោមការធ្វើអាជ្ញាកណ្តាលពីប្រធានាធិបតីតួកគី លោក Tayyip Erdogan ។ តាមប្រភពពីសារព័ត៌មានរ៉យទ័របានឱ្យដឹងថា មហាសេដ្ឋី Roman Abramovich ក៏មានវត្តមាននៅក្នុងកិច្ចពិភាក្សានោះដែរ។
បណ្តាញព័ត៌មានអ៊ុយក្រែនបានផ្សាយថា គណៈប្រតិភូប្រទេសទាំងពីរមិនបានស្វាគមន៍ដោយចាប់ដៃគ្នាដូចលើកមុនៗឡើយ។ ប៉ុន្តែគេមិនដឹងថា កិច្ចពិភាក្សានោះអនុញ្ញាតឱ្យអ្នកសារព័ត៌មានចូលដែរឬក៏អត់នោះទេ?
នៅមុនកិច្ចពិភាក្សា ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានប្រកាសបើកកិច្ចពិភាក្សារវាងគណៈប្រតិភូ រុស្ស៊ីនឹងអ៊ុយក្រែន នៅថ្ងៃរសៀលថ្ងៃទី២៩ខែមីនា ដោយលោកបង្ហាញក្តីសង្ឃឹមថា នេះជាការបើកផ្លូវដើម្បីឈានដល់កិច្ចពិភាក្សាជាន់ខ្ពស់រវាងប្រធានាធិបតីប្រទេសទាំងពីរ ។
ប្រធានាធិបតីតួកគី Tayyip Erdogan បានអំពាវនាវដល់កិច្ចពិភាក្សានាំមកនូវលទ្ធផលល្អ ក៏ដូចជាឈានដល់បទឈប់បាញ់ភ្លាមៗនេះដែរ ។នេះជាកិច្ចពិភាក្សាលើកទី៥ហើយ ចាប់តាំងពីផ្ទុះសង្គ្រាមកាលពីថ្ងៃទី២៤ខែកុម្ភៈមកទល់ពេលនេះ ៕
ដោយ៖ ធីរីណា(រូបថត : Reuters)