ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រារករឿងវាយតប់រាល់ថ្ងៃ ប្រពន្ធទប់ចិត្តមិនបានទាញដំបងជ្រុលដៃវាយប្ដីស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ស្រ្តីជាប្រពន្ធខឹងប្តីស្រវឹងស្រា រករឿងវាយតប់រាល់ថ្ងៃពេក ទប់ចិត្តមិនបានក៏ទាញដំបងវាយជ្រុលដៃបណ្ដាលឱ្យស្លាប់។  ហេតុការណ៍កើតឡើងនៅវេលាម៉ោង ២១ នឹង៣០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅក្នុងភូមិគោកពន្លៃ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ប្តីដែលត្រូវប្រពន្ធវាយបណ្តាលឲ្យស្លាប់ឈ្មោះ ឆែម ថងយូ អាយុ៤១ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ។ សមត្ថកិច្ចបានឲ្យដឹងបន្តថា មុនពេលកើតហេតុ ឈ្មោះ ឆែម ថងយូ (ប្តី)បានដើរមកពីផឹកស៊ីវិញ ក៏យកផ្លែដូងខ្ចីគប់ចប់ក្បាលប្រពន្ធឈ្មោះ ជា រេត អាយុ៤០ឆ្នាំ រស់នៅជាមួយគ្នា ហើយបុរសជាប្តី បានហក់ទៅច្របាច់កប្រពន្ធបន្ថែមទៀត ក៏កើតជារឿងប្រតាយប្រតប់គ្នា។ ភ្លាមនោះ ប្រពន្ធបានទាញដំបងឬស្សី វាយសំពងចំក្បាលប្តី និងមុខជាច្រើនដំបង បណ្តាលឲ្យប្តីស្លាប់ភ្លាមៗផងដែរ។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយកើតហេតុប្រពន្ធឈ្មោះ ជា រេត ដែលសំពងប្តីជ្រុលដៃបណ្តាលឲ្យស្លាប់នោះ មិនបានរត់ទៅណានោះទេ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កំពុងកសាងសំណុំរឿងបញ្ជូនបន្តទៅនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តអនុវត្តបន្តតាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖