ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ចុះពិនិត្យសមិទ្ធផលស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅមុនពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣១ មីនា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ៖  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យសមិទ្ធផលថ្មីមួយទៀតគឺស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដែលគិតមកដល់ពេលនេះការដ្ឋានទាំងមូលបានបញ្ចប់១០០ភាគរយហើយ ដោយគ្រោងនឹងបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣១ មីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

     ដើម្បីឱ្យដំណើរការនៃពិធីសម្ពោធប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យនោះ នៅរសៀលថ្ងៃទី២៩ មីនា ២០២២ នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរដែនដី និងក្រុមហ៊ុនទទួលម៉ៅការ ចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៅទីតាំងនៃពិធីដែលស្ថិតនៅខាងលិចស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ ។

   លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំឱ្យមន្រ្តីជំនាញអាជ្ញាធរខណ្ឌនិងមន្ត្រីពាក់ព័ន្ធត្រូវសម្អាតការងារដែលនៅសេសសល់ ដូចជាសម្អាតដី កម្ទេចកម្ទីឱ្យបានស្អាត ពោលគឺដល់ថ្ងៃនៃការចាប់ផ្តើមពិធីគឺស្អាតទាំងអស់តែម្តង ។ បន្ថែមពីនេះ ការពង្រឹងលើការងាររៀបចំសណ្តាប់ធ្នាប់ និងការងារសន្តិសុខក៏ត្រូវបានលោក ឃួង ស្រេង ណែនាំឱ្យអនុវត្តឱ្យបានល្អប្រសើរផងដែរ។

   ពាក់ព័ន្ធនឹងពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានចេញសេចក្តីជូនដំណឹងមួយដើម្បីឱ្យប្រជាពលរដ្ឋបញ្ចៀសការធ្វើចរាចរណ៍ និងផ្អាកចរាចរណ៍ឆ្លងកាត់ផ្លូវប្រសព្វចោមចៅ ( អតីតរង្វង់មូលចោមចៅ)ជាបណ្តោះអាសន្ននៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះផងដែរ ពោលគឺចាប់ផ្តើមបិទនិងបញ្ជៀសចរាចរណ៍ចាប់ពីម៉ោង៥ព្រឹក រហូតដល់កម្មវិធីត្រូវបានបញ្ចប់។

  គួរបញ្ជាក់ថា ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដែលទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា(OCIC) ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល៣០ខែនិងចំណាយថវិកាសាងសង់ប្រមាណ២២លានដុល្លារអាមេរិក។

   ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ការដ្ឋាននេះត្រូវសាងសង់ដោយបែងចែកជា៣ផ្នែកគឺ ស្ពានទី១ជាស្ពានអាកាសមេតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ីមកផ្លូវជាតិលេខ៣ មានប្រវែងសរុប៤០៨ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅនឹងពីរគន្លងមក ជម្រាលស្ពាន៤,៥ម៉ែត្រ និងមានកម្ពស់អតិបរមាដែលអាចចរាចរក្រោមស្ពានមានកម្ពស់៥,៥ម៉ែត្រ។ស្ពានទី២ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅផ្លូវវេងស្រេង សម្រាប់ចរាចរមួយទិសដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប២០២ម៉ែត្រ (ស្ពានអាកាស ប្រវែង៤០ម៉ែត្រ ផ្លូវក្រោមដី ប្រវែង១១៨ម៉ែត្រនិងផ្លូវលើដីប្រវែង ៤៤ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ។

  ស្ពានទី៣ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ (ស្ពានអាកាសប្រវែង៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង២៨ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ 

   ផ្លូវនិងផ្លូវក្រោមដី ជាផ្លូវកោងតភ្ជាប់ចរាចរពីផ្លូវវេងស្រេងមកផ្លូវជាតិលេខ៤ មានប្រវែងសរុប១៣០ម៉ែត្រ (ផ្លូវក្រោមដី ប្រវែង១៣ម៉ែត្រ និងផ្លូវលើដីប្រវែង១១៧ម៉ែត្រ) ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវក្រោមដី ជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានប្រវែងសរុប៤៧០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ល្បឿនសុវត្ថិភាព ៤០គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ទទឹង៨,៥ម៉ែត្រ ។ ល្បឿនសុវត្ថិភាព២៥គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ៥,២៥ម៉ែត្រ និងទំហំ៥,៥ម៉ែត្រ ។ 

   ស្ពាននឹងមានអាយុកាល១០០ឆ្នាំ មានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញបរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិផងដែរ។

     សូមបញ្ជាក់ថា៖ ស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅនេះ បានបើកការដ្ឋានដំណើរការសាងសង់ជាផ្លូវការកាលថ្ងៃទី២៩មិថុនា ឆ្នាំ២០១៨កន្លងមក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ហើយគ្រោងនឹងបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្ដេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន នាថ្ងៃទី៣១មីនា ខាងមុខនេះ៕

ដោយ ៖ សំរិត


ចែករំលែក៖