ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាកហ៊ីយ៉ាន់ដាយស្តារិច ស៊េរីឆ្នាំ២០២២ មួយគ្រឿង ក្នុងល្បឿនលឿនល្មមទេ ប៉ុន្តែខណៈបើកដល់ផ្លូវកោងមិនប្រយ័ត្នក៏ជ្រុលចង្កូតធ្លាក់ផ្លូវទៅមុខលែងរួចនិងរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្លូវកែង៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកហ៊ីយ៉ាន់ដាយស្តារិច ស៊េរីឆ្នាំ២០២២ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BT-8585ធ្វើដំណើរតាមបណ្តោយផ្លូវ៣០ម៉ែត្រពីជើងទៅត្បូងក្នុងល្បឿនលឿនល្មម។ ពេលបើកមកដល់ចំណុចកើតហតុខាងលើដោយសារតែផ្លូវកោងផង និងមិនប្រយ័ត្នផងអ្នកបើកបរក៏បួងចង្កូតបត់ទៅទិសខាងលិចបណ្តាលឱ្យជ្រុលចង្កូតមកខាងស្តាំដៃធ្លាក់ផ្លូវទៅមុខលែងរួច និងបណ្តាលឱ្យរថយន្តរងការខូចខាត។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានពិនិត្យនៅនឹងកន្លែងកើតហេតុមិនឃេីញមានប៉ះពាល់ដល់សម្បត្តិរដ្ឋ និងមិនមានមនុស្សរងរបួស ទើបសមត្ថកិច្ចឱ្យម្ចាស់រថយន្តហៅរថយន្តស្ទូចមកស្ទូចយកទៅជួសជុលដោយខ្លួនឯង៕
ដោយ ៖ ភារ៉ា ដង្កោ