តាមជំនឿរបស់បងប្អូនជនចិនវៀតណាម គឺនៅដើមខែមេសានៃឆ្នាំនីមួយៗត្រូវរៀបចំពិធីសែនផ្នូរ(ឆេងម៉េង) នេះជាចាំបាច់។
ដើម្បីយល់ដឹងពីអត្ថន័យនៃការសែនផ្នូរ ដែលនៅឆ្នាំ ២០២២ បងប្អូនជនជាតិចិន និងវៀតណាមត្រូវប្រារព្ធធ្វើនៅពេលដ៏ខ្លីខាងមុខនេះ យើងសូមលើកជីវប្រវត្តិសង្ខេប នៃពិធីនេះដូចខាងក្រោម÷
ពិធីបុណ្យឆេងម៉េង ដែលភាសាចិនហៅថា ឆីងមីង (QingMing) ឬភាសាអង់គ្លេសថា “Tomb Sweeping Day” សំដៅទៅលើពិធីសែនផ្នូរ បុណ្យជម្រះចិត្តឲ្យជ្រះថ្លា ឬទិវាសម្អាតផ្នូរជូនដូនតា ឬឪពុកម្ដាយ ដែលបានចែកឋានទៅ។
That way
បុណ្យឆេងម៉េង មានប្រវត្តិដ៏យូរលង់ណាស់មកហើយក្នុងប្រទេសចិន និងត្រូវបាននាំចូលមកកាន់ប្រទេសកម្ពុជាតាមរយៈជនជាតិចិនមករស់នៅស្រុកខ្មែរ។
ពិធីបុណ្យឆេងម៉េងនេះប្រារព្ធឡើងដើម្បីឧទ្ទិសដល់ ជី ហ្សីទួយ (Jie Zitui) ដោយមានរឿងដំណាលថា កាលពីឆ្នាំ ៦៣៦ នៃព.ស មានព្រះអង្គម្ចាស់ព្រះនាម វេន (Wen) និងអ្នកបម្រើឈ្មោះ ជី ហ្សីទួយ បានរត់គេចពីសង្គ្រាម ក៏វង្វេងចូលទៅក្នុងព្រៃ។ ដោយគ្មានអាហារសម្រាប់បរិភោគអស់ជាច្រើនថ្ងៃ និងបារម្ភខ្លាចចៅហ្វាយខ្លួនឃ្លាន ត្រកូលជី ក៏ចៀរសាច់ភ្លៅរបស់ខ្លួនមកធ្វើម្ហូប។ ព្រះអង្គម្ចាស់ វេន សន្យាថានឹងផ្ដល់រង្វាន់ដល់ត្រកូលជី ប៉ុន្តែត្រកូលជី មិនមែនជាមនុស្សលោភលន់នឹងឋានៈបុណ្យស័ក្ដិឡើយ។ អ្វីដែលគាត់ចង់បាន គឺចង់ឲ្យព្រះអង្គម្ចាស់ វេន វិលត្រឡប់ទៅកាន់ទឹកដី ជិន (Jin) វិញ ដើម្បីធ្វើស្ដេចនៅទីនោះ។ ត្រកូលជី បាននាំម្ដាយទៅរស់នៅឯព្រៃភ្នំ។ ពេលដឹងដូច្នេះ ព្រះអង្គ វេន បានបញ្ជាឲ្យគេដុតព្រៃដែលត្រកូល ជី សំងំលាក់ខ្លួនក្នុងគោលបំណងឲ្យ ជី បង្ហាញខ្លួន។ តែអកុសល ព្រៃបានឆេះសន្ធោសន្ធៅ រហូត ត្រកូលជី ចេញមិនរួច ក៏ស្លាប់ក្នុងភ្នក់ភ្លើងនោះតែម្ដងទៅ។ ព្រះអង្គមានវិប្បដិសារីយ៉ាងខ្លាំងចំពោះរឿងនោះ ក៏ចេញបញ្ជាហាមមិនឲ្យអ្នកភូមិប្រើប្រាស់ភ្លើង និងបរិភោគតែអាហារត្រជាក់ចំនួនបីថ្ងៃ ដើម្បីកាន់ទុក្ខដល់វិញ្ញាណក្ខន្ធត្រកូលជី។ តាំងពីពេលនោះមក ប្រពៃណីសែនផ្នូរគោរពដូនតាក៏ចាប់កំណើតឡើងរហូតដល់សព្វថ្ងៃ។ ក្រោយមកទៀត ព្រះអង្គបានសង្កេតឃើញថានៅលើផ្នូររបស់ ជី ហ្សីទួយ មានដើមសូលចាប់ផ្ដើមដុះគ្របពីលើ។ ទ្រង់បានបញ្ជាឲ្យគេសម្អាតដើមសូលចេញ ហើយបញ្ជាឲ្យប្រជាជនប្រារព្ធពិធីនេះដោយបញ្ចូលគំនិតរំលឹកពីគុណអ្នកដែលបានចែកឋានទៅ។ ហេតុនេះបានជាសង្កេតឃើញប្រជាជនចិនយកស្លឹកដើមសូលដាក់នៅពីលើផ្នូរលំអ។ បន្ថែមពីនេះ គេសែនម្ហូបអាហារ និងស្រាដែលដូនតាចូលចិត្ត ព្រមទាំងដុតប្រាក់កាស ជូនដូនតាដើម្បីកុំឲ្យពួកគាត់មានការខ្វះខាតចាយវាយហូបចុកនៅក្រោយពេលចែកឋាន។ បច្ចុប្បន្ន យើងឃើញមានការបន្ថែមការដុតជាទូរសព្ទ ផ្ទះក្រដាស និងសម្ភារៈផ្សេងៗថែមទៀតផង។
ពិធីនេះ គេច្រើនធ្វើឡើងនៅដើមខែមេសា គឺអំឡុងថ្ងៃទី៥ ខែមេសា ជារៀងរាល់ឆ្នាំ ហើយគេនិយមសែននៅផ្នូរអ្នកមានគុណដែលចែកឋានទៅ ក្នុងគោលបំណង ៣យ៉ាង គឺ៖
.បួងសួងសុំសេចក្ដីសុខចម្រើន
.សុំឲ្យកូនចៅរកស៊ីមានបាន
.សុំឡើងបុណ្យស័ក្ដិ។
ក្នុងពិធីសែនដំបូង គឺគេយកក្រដាសប្រក់ផ្នូរ យកដីរោយពីលើ រួចស្រោចទឹក។ បន្ទាប់មកទៀត គេសែនម្ហូបអាហារទៅតាមលទ្ធភាព។
ជនជាតិចិន មានវប្បធម៌គ្រួសារនិយមណាស់ ដូច្នេះត្រកូលរបស់គេមួយៗ គឺត្រូវបានលើកតម្កើង ពិសេសផ្នូរបុព្វបុរសដែលគ្រួសារម្នាក់ៗស្លាប់ទៅ គឺត្រូវបានជ្រើសរើសទីតាំងល្អ មានហុងស៊ុយ សម្រាប់បញ្ចុះ ដោយមានជំនឿថា ដូនតារបស់គេនឹងជួយដល់កូនចៅឲ្យរកស៊ីមានបានត្រជាក់ត្រជុំថ្កុំថ្កើង ៕
ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត