ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូមិនប្រយ័ត្នជ្រុលទៅបុកគូទរថយន្តពីក្រោយបណ្តាលឱ្យរបួសធ្ងន់នៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បុរសម្នាក់បានរងរបួសធ្ងន់បែកក្បាលហូរឈាមពេញផ្ទៃមុខខណៈជិះម៉ូតូមិនប្រយ័ត្នជ្រុលទៅបុករថយន្តពីក្រោយដែលកំពុងឈប់ចាក់សាំងយ៉ាងពេញទំហឹងលាន់ស្នូរដូចរន្ទះបាញ់ខែចេត្របង្កការភ្ញាក់ផ្អើលទាំងយប់។

   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នៅលើផ្លូវជាតិលេខ១៣ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៨និងលេខ៣៩ នៅចំណុចភូមិទឹកវិល ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។

   យោងតាមសមត្ថកិច្ចនគរបាលស្រុករមាសហែកបានឱ្យដឹងថា បុរសដែលរងរបួសធ្ងន់មានឈ្មោះគឹម ចាន្នី  អាយុ៣២ឆ្នាំ មុខរបរកសិករ រស់នៅភូមិអំពិល ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគី ស្មាស់រីវ៉ូ ពណ៌ក្រហម ពាក់ស្លាកលេខវៀតណាម ៦៦.N៦.១៩១៤។

   ចំណែកម្ចាស់រថយន្តមានឈ្មោះសេង ឆដា អាយុ៤០ឆ្នាំ មុខរបរជាអ្នកបើកបររថយន្ត រស់នៅភូមិពោធិ៍ចិនដាំ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង  បើករថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌សពាក់ស្លាកលេខ កំពង់ចាម ៣A-៥៩៩០ សណ្តោងសឺមីរុឺម៉ក ពាក់ស្លាកលេខ កំពង់ចាម ៤A-០៤៥៣។

    តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បានឈប់រថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម ៣A-៥៩៩០ សណ្តោងសឺមីរុឺម៉ក ពាក់ស្លាកលេខ កំពង់ចាម ៤A-០៤៥៣ ក្នុងទិសដៅពីត្បូងទៅជើង ហើយក៏បានឈប់ចាក់ប្រេងនៅលើផ្លូវជាតិផ្នែកខាងស្ដាំ ខណ:នោះស្រាប់តែមានបុរសម្នាក់បានជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគី ស្មាស់រីវ៉ូ ពណ៌ក្រហម ពាក់ស្លាកលេខវៀតណាម ៦៦.N៦.១៩១៤ក្នុងទិសដៅស្របគ្នាបុកពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលទាំងយប់តែម្ដង។

   ក្រោយកើតហេតុអ្នករងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក និងធ្វើការវាស់វែងអូសយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអំពិលដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖