ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាបង្គាប់រកឃើញគ្រឿងញៀនចំនួន១០កញ្ចប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នគរបាលប្រឆាំងគ្រឿងញៀនបានឃាត់ខ្លួនជនសង្ស័យម្នាក់តាមដឺកាបង្គាប់នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។

នគរបាលប្រាប់ថា ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងអនុវត្តបទបញ្ជាពី លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ផែនការងារនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

កម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ ស្រី សារ៉ុម ប្រធានការិយាល័យ មានការចូលរួមសហការពីកម្លាំងនគរបាលនៃអធិការដ្ឋានក្រុងសិរីសោភ័ណ បានចុះអនុវត្តន៍ដីកា បង្គាប់ឱ្យចាប់ខ្លួន លេខៈ ១៤ ព្រទ ចុះថ្ងៃទី០៣. ០២.២០២២ ដោយលោក ព្រុំ ម៉ូនីន ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យ បានចាប់ខ្លួន ជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ធឿង ប៊ុនធាន (ប៊ុនធៀន) ភេទប្រុស អាយុ៣៨ឆ្នាំ នៅចំណុចបន្ទប់ស្នាក់នៅ ក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នឹងដោយមានការសម្របសម្រួលពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងប្រឆាំងគ្រឿងញៀនបានឆែកឆេរ បន្ទប់ស្នាក់នៅរបស់ជនសង្ស័យបានរកឃើញវត្តុតាងរួមមានដូចខាងក្រោម៖ 

  ១-ដបកែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន១

  ២-ម្សៅក្រាមសថ្លា ចំនួន១០ថង់ 

  ៣- សំបកថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន

  ៤- កូនជញ្ជីងចំនួន១   

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ផែនការងារនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នគរបាលជំនាញប្រឆាំងគ្រឿងញៀនបាននាំជនសង្ស័យមកការិយាល័យជំនាញដើម្បីធ្វើការសាកសួរ និងបន្តរកមុខសញ្ញាពាក់ព័ន្ធតាមឃាត់ខ្លួនដើម្បីចាត់ការនីតិវិធីច្បាប់និង នគរបាលជំនាញប្រឆាំងគ្រឿងញៀនបានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមផ្លូវច្បាប់ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖