ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនបុរស០២នាក់ករណីលេងល្បែងស៊ីសងខុសច្បាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកឧដុង្គបានឆ្មក់បង្ក្រាបនិងឃាត់ខ្លួនបុរសពីរនាក់ក្នុងចំណោមមនុស្សច្រើននាក់ដែលប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងខុសច្បាប់(បាញ់អាប៉ោងភ្នាល់ដាក់លុយ)។ ស្ថិតនៅក្នុងភូមិត្រពាំងសង្កែ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការដ្ឋាននគរបាលស្រុកឧដុង្គបានឱ្យដឹងនៅព្រឹកថ្ងៃទី៣០ខែមីនាឆ្នាំ២០២២នេះថា យោងតាមការរាយការណ៍របស់ប្រជាពលរដ្ឋមូលដ្ឋានថាមានករណីជួបជុំលេងល្បែងអាប៉ោងនៅចំណុចទីតាំងខាងលើ លោកក៏បានចាត់កម្លាំងជំនាញចុះបង្ក្រាបភ្លាមៗ ដោយក្នុងនោះឃាត់ខ្លួនអ្នកលេងបានចំនួនពីរនាក់ក្នុងចំណោមអ្នកលេងផ្សេងទៀត។

លោកអធិការបានឱ្យដឹងទៀតថាអ្នកឃាត់ខ្លួនទាំង២នាក់ខាងលើមានឈ្មោះ ភឿង ផាន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិស្នាមពុក ឃុំវាលពង្ស ស្រុកឧដុង្គនិងឈ្មោះ វី ធារ៉ា​ ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិក្បាលអូរ ឃុំព្រះ ស្រុកឧដុង្គ ។

ក្នុងការបង្រ្កាបនោះដែរកម្លាំងជំនាញក៏បានចាប់យកវត្ថុតាងបានមួយចំនួនផងដែរមានចានសម្រាប់បាញ់អាប៉ោងមួយ គំរបមួយ មេអាប៉ោងមួយគ្រាប់ ទូរស័ព្ទដៃបីគ្រឿង និងប្រាក់រៀលចំនួន៤៤១.៥០០រៀល ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងស្ថិតក្រោមការសួរនាំរបស់កម្លាំងនគរបាលជំនាញដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖