ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី៣០ ខែមីនា ឆ្នាំ២០២២នេះថា៖ មន្ត្រី ក.ប.ប. បន្តទប់ស្កាត់អំពើទុច្ចរិតក្នុងវិស័យប្រេងឥន្ធនៈ កំឡុងពេលដែលតម្លៃប្រេងឥន្ធនៈអន្តរជាតិ ហាក់មានការកើនឡើង។
ជាក់ស្ដែងកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ ក្នុងចំណោម ១១ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ ស្ថិតក្នុងស្រុកពារាំង ខេត្តព្រៃវែង, ស្រុកព្រៃកប្បាស ខេត្តតាកែវ, ស្រុកសំរោងទងនិងស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ មន្ត្រីជំនាញ បានត្រួតពិនិត្យយ៉ាងហ្មត់ចត់ មានដេប៉ូចំនួន ៤ទីតាំង ត្រូវមន្ត្រី ក.ប.ប. ប្រចាំខេត្តតាកែវ និងខេត្តកំពង់ស្ពឺ រកឃើញថាពុំមានភាពអនុលោមតាមបទប្បញ្ញត្តិ និងបានឈានទៅដល់ការពិន័យអន្តរការណ៍ដើម្បីឱ្យមានការកែតម្រូវ ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់លើម្ចាស់ដេប៉ូទាំង៤ទីតាំងនោះ។
ចំណែកនៅក្នុងរាជធានីភ្នំពេញឯណោះវិញ មន្ត្រី ក.ប.ប. បានចុះអង្កេតនិងតាមដានតម្លៃប្រេងឥន្ធនៈ បានចំនួន ១០ស្ថានីយ និងដេប៉ូ ជាលទ្ធផល ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈទាំងនោះបានដាក់លក់ក្នុងតម្លៃសមស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។
សូមជម្រាបថា មន្រ្តីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បន្តចុះប្រតិបត្តិការត្រួតពិនិត្យនៅតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈទាំងអស់នៅទូទាំងប្រទេសនេះ គឺមានគោលបំណងគឺដើម្បីស្វែងរកនូវភាពមិនអនុលោមតាមរយៈការកេងប្រវ័ញ្ជរបស់ម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈទៅលើអ្នកប្រើប្រាស់ ដែលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ និងទប់ស្កាត់អំពើមិនសុចរិតក្នុងវិស័យធុរកិច្ចប្រេងឥន្ធនៈផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ថ្មីៗនេះ មន្រ្តីជំនាញ បានចាត់វិធានការច្បាប់លើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៦ទីតាំងបន្ថែមទៀត ក្រោយរកឃើញមិនមានអនុលោមភាព និងពិន័យទៅតាមនីតិវិធី បន្ទាប់ពីចុះប្រតិបត្តិការត្រួតពិនិត្យនៅតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន ១៧ទីតាំងបន្ថែមទៀត នៅខេត្តសៀមរាប, ខេត្តតាកែវ ,ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ៕
ដោយ៖ស តារា