ព័ត៌មានទាន់ហេតុការណ៍៖

ស្នេហាត្រីកោណបណ្តាលឱ្យយុវជនពីរនាក់ទាស់សម្តីគ្នារួចទាញកាំបិតផ្គាក់កាប់​យុវជនម្នាក់បណ្តាលឱ្យរង​របួស

ចែករំលែក៖

ខេត្ត​ប៉ៃលិន ៖ ស្នេហាត្រីកោណបណ្តាលឱ្យយុវជនពីរនាក់ទាស់​សម្តី​គ្នារួចហើយត្រូវបានយុវជនជាគូទំនាស់ទាញ​កាំបិតផ្គាក់កាប់​បណ្តាលឱ្យយុវជន​ម្នាក់​​រង​របួស​ដៃឆ្វេងដេ​រ​អស់២ថ្នេរ ។

    ក្រោយកើតហេតុជនរងគ្រោះបានមក​ដាក់​ពាក្យ​បណ្តឹង​នៅប៉ុស្តិ៍រដ្ឋបាលស្ទឹងកាច់កាលពី​​ម៉ោង​០៩និង៣៥នាទី​ព្រឹក​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅ​ក្នុង​ភូមិ​ផ្សារ​ព្រំ​​ជើង ឃុំ​ស្ទឹ​ង​កាច់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន ​។ 

   ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ​កម្លាំង​ប៉ុ​ស្ដិ៍​នគរ​បាល​រដ្ឋបាល​ស្ទឹងកាច់ បាន​ទទួលពាក្យ​បណ្ដឹង​ករណី​ហិង្សាដោយចេតនា​មួយនេះពី​ជនរងគ្រោះ​ឈ្មោះ សែម លី​ហាយ ដែលហេតុការណ៍បាន​កើតឡើង​កាលពី​វេលាម៉ោងជាង១២​រំលង​អធ្រាត្រឈាន​ចូល​ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅ​ចំណុច​បុរីម្កុដពេ​ជ្រ ស្ថិត​ក្នុង​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន​។ 

   ប្រភពព័ត៌មានបានឱ្យដឹង​ទៀត​ថា ជនរងគ្រោះមាន​ឈ្មោះ សែម លី​ហាយ អាយុ២២ឆ្នាំ ជា​សិស្ស មាន​ទីលំ​នៅ​បច្ចុប្បន្ន​ក្នុង​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន (រង​របួស​ដៃ​ខាងឆ្វេង​ដេរ០២ថ្នេរ)។ ចំណែក​ជន​បង្ក​មាន ឈ្មោះ វិត  មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្នក្នុងភូមិ​ជាមួយគ្នា​។

   ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ករណី​ស្នេហា​ត្រីកោណ​រវាង​យុវ​ជន​ពីរ​នាក់ស្រឡាញ់​ស្រី​ម្នាក់នេះកើតឡើងដោយសារតែ​ខាង​ស្រី​ចិត្ត​មិន​ដាច់​គឺស្រឡាញ់យុវជនទាំងពីរនាក់តែម្តង។ លុះនៅម៉ោងកើតហេតុយុវជន​ទាំងពីរ​នាក់​បាន​និយាយ​ប្រកែកគ្នា​ចុះ​ឡើង​ៗ​ ធ្វើឱ្យ​នារី​ជា​សង្សារ​សម្រេ​ចចិត្ត​យក​ម្នាក់ទើប​បង្ក​ទៅជា​ការឈ្លោះ​ទាស់ទែងគ្នាធ្វើឱ្យជន​ដៃដល់​ទាញ​យក​កាំបិតផ្គាក់​កាប់​ប្រហារ​ទៅលើ​ជនរងគ្រោះបណ្ដាលឲ្យ​របួស​ត្រង់​ដៃឆ្វេង​ ដេរ​អស់​ចំនួន០២ថ្នេរ រួច​ជនសង្ស័យ​ក៏​រត់គេច​ខ្លួ​នភ្លាម​ៗបាត់ទៅ។

   បច្ចុប្បន្ន​កម្លាំង​ប៉ុ​ស្ដិ៍​នគរបាល​រដ្ឋបាល​ស្ទឹងកាច់ កំពុង​ស្រាវជ្រាវ​តាម​រក​ជនសង្ស័យដែល​បាន​កាប់​ប្រហារ​ជនរងគ្រោះហើយ​រត់គេច​ខ្លួនដើម្បីយកមកចាត់ការបន្ត​តាម​នីតិវិធី​​៕ ​

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖