ព័ត៌មានទាន់ហេតុការណ៍៖

អវកាសយានិករុស្ស៊ី និងណាសា វិលត្រឡប់មកផែនដីវិញក្រោយបំពេញការងារ៣៥៥ថ្ងៃនៅស្ថានីយអវកាស

ចែករំលែក៖

អវកាសយានិករបស់អង្គការណាសាមួយរូប និងរុស្ស៊ី២រូប នឹងចាកចេញពីស្ថានីយអវកាសអន្តរជាតិ ISS វិលត្រឡប់មកផែនដីវិញនៅថ្ងៃទី៣០ខែមីនា(ពេលវេលានៅរុស្ស៊ី) ។
ការចុះមកផែនដីនឹងប្រើប្រាស់យានអវកាសរុស្ស៉ី Soyuz ដែលផ្ទុកអវកាសយានិកអាមេរិក លោក Marck Vande Hei រួមជាមួយអវកាសយានិករុស្ស៉ី លោក Anton Shkaplerov និងលោក Pyotr Dubrov នឹងត្រូវចាកចេញពីស្ថានីយអវកាស ISS នៅរសៀលនេះ ហើយចុះមកដល់ទីតាំងចុះចត នៅក្បែរមូលដ្ឋានបង្ហោះយានអវកាសរបស់រុស្ស៉ី ក្នុងប្រទេសកាហ្សាក់ស្ថាន នៅវេលាយប់ថ្ងៃដដែលនេះ។
ការវិលត្រឡប់មកពីទីអវកាសរួមគ្នាខាងលើ គឺបានស្ថិតក្រោមការតាមដានយកចិត្តទុកដាក់ ក្រោមក្តីកង្វល់ថា ការកើនឡើងនៃភាពតានតឹងរវាងទីក្រុងវ៉ាស៉ីនតោននឹងទីក្រុងមូស្គូ ជុំវិញការវាយប្រហាររបស់រុស្ស៉ីលើអ៊ុយក្រែន អាចជះផលប៉ះពាល់អវិជ្ជមានខ្លាំងចំពោះកិច្ចសហប្រតិបត្តិការរយៈពេលជាយូរមកហើយក្នុងវិស័យអវកាស រវាងអតីតគូប្រជែងសម័យសង្រ្គាមត្រជាក់ទាំងពីរនេះ។
ការប្រឈមមុខតានតឹងរវាងរុស្ស៊ីនឹងអាមេរិកបានបង្កក្តីបារម្ភយ៉ាងខ្លាំងដល់ស្ថានីយអវកាសរួមរវាងរុស្ស៊ីនឹងលោកខាងលិច ។ ប៉ុន្តែមកទល់ពេលនេះស្ថានីយអវកាសមិនទាន់មានការប៉ះពាល់ដោយបញ្ហានយោបាយនៅឡើយទេ៕ ដោយ៖ ធីរីណា

រូបថត​ ៖ NASA/Roscosmos

រូបថត​ ៖ NASA


ចែករំលែក៖