ភ្នំពេញ ៖ បើយោងតាមប្រភពពី៖ អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ បានបញ្ជាក់ អោយដឹងថា, នាព្រឹកថ្ងៃពុធទី៣០ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន លោក អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានអធិការកិច្ច កិច្ចការរនគរបាលរាជធានី-ខេត្ត និងនាយកដ្ឋានទទួលពាក្យបណ្តឹងនិងអង្កេតស្រាវជ្រាវកិច្ចការនគរបាល ដោយមានការអញ្ជើញចូលរួមពី អគ្គាធិការរងទទួលផែន ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋានចំណុះនាយកដ្ឋានទាំង០២។
បន្ទាប់ពី លោក អគ្គាធិការរងទទួលផែន ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន បានរាយការណ៍សង្ខេបពីវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរ ព្រមទាំងលើកនូវយោបល់ផ្ទាល់ខ្លួនរួចមក លោក អគ្គាធិការ បានកោតសរសើរចំពោះលទ្ធផលការងារដែលបានធ្វើល្អនាពេលកន្លងមក ដោយសូមខិតខំបន្តទៅទៀត និងបានផ្តល់យោបល់កែលម្អចំពោះចំណុចដែលខ្វះខាតផងដែរ។ ការកែទម្រង់អង្គភាពមួយមិនមែនជារឿងងាយស្រួលនោះទេ តែចាំបាច់ត្រូវធ្វើដើម្បីបង្កើនប្រសិទ្ធភាពការងារ ឆ្លើយតបតាមសភាពការណ៍ ហើយការប្រជុំត្រួតពិនិត្យក៏ជារឿងចាំបាច់ដើម្បីវាយតម្លៃពីលទ្ធផល ធៀបនឹងសកម្មភាពកំពុងអនុវត្ត ជាពិសេសផែនការនានាដែលបានដាក់ចេញ។
លោក អគ្គាធិការ មានប្រសាសន៍បន្តថា ចំពោះរបាយការណ៍បំភ្លឺដែលអគ្គាធិការដ្ឋានបានទទួលពីបណ្តារាជធានី-ខេត្ត ស្នើមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវពិនិត្យនូវខ្លឹមសារឱ្យបានច្បាស់លាស់ មិនមែនចេះតែផ្អែកតាមតែខេត្តបំភ្លឺមកនោះទេ ត្រូវវិភាគឱ្យបានស៊ីជម្រៅ បើករណីការបំភ្លឺមិនសមស្រប ត្រូវតែលើកយោបល់គួរឱ្យបំភ្លឺបន្ថែមទៀតឬសុំចុះអង្កេតជាក់ស្តែង ព្រោះយើងជាអង្គភាពត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចរបស់អង្គភាពទាំងនោះ និងជាសេនាធិការជូនរដ្ឋមន្ត្រី។ជាមន្ត្រីអធិការកិច្ច ទាមទារសមត្ថភាពខ្ពស់ ដូច្នេះការពង្រឹងសមត្ថភាពជាការចាំបាច់ដើម្បីប្រសិទ្ធភាពក្នុងការបំពេញការងារដែលជាធនធានមួយមានតំលៃក្នុងនាមជាមន្ត្រីរាជការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។ម្យ៉ាងទៀត ចំពោះស.ជ.ណដែលបញ្ជូនទៅឱ្យរាជធានី-ខេត្តបំភ្លឺ ដែលកន្លងមកខេត្តមួយចំនួនបានបញ្ជូនរបាយការណ៍បំភ្លឺមកជាបន្តបន្ទាប់ហើយ តែមានខេត្តមួយចំនួនតូច មិនទាន់បានបញ្ជូនមកនៅឡើយទេ ហេតុនេះ មន្ត្រីជំនាញត្រូវតាមដានពិនិត្យខេត្តណាខ្លះមិនទាន់បានបញ្ជូនរបាយការណ៍បំភ្លឺមក ដើម្បីធ្វើការក្រើនរំលឹក។
បន្ទាប់មក លោក អគ្គាធិការ បានមានមតិណែនាំបន្ថែមពាក់ព័ន្ធនឹងការងារមួយចំនួន៖ ការចាត់ចែងសំណុំរឿង ការងាររដ្ឋបាល របៀបរបបការងារសាមគ្គីភាព ពង្រឹងសមត្ថភាព ទស្សនៈទាន ក្រមសីលធម៌ វិជ្ជាជីវៈជាមន្ត្រីអធិការកិច្ច តួនាទីភារកិច្ច វិភាគមុខងារមន្ត្រី វគ្គបណ្តុះបណ្តាល និងតាមដានព័ត៌មាន៕
ដោយ ៖ សិលា