ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ការងាររដ្ឋបាលខេត្តប្រចាំខែមីនា និងប្រចាំត្រីមាសទី០១ និងទិសដៅភារកិច្ចបន្ត

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដោយវត្តមានលោកជា ថាវរិទ្ធ អភិបាលរងខេត្តស្ទឹងត្រែង ស្តីទី ជួសមុខឲ្យលោកអភិបាលខេត្ត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររដ្ឋបាលខេត្ត ប្រចាំខែមីនា និងប្រចាំត្រីមាសទី០១ និងទិសដៅភារកិច្ចបន្ត រដ្ឋបាលខេត្តស្ទឹងត្រែង ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្រីគណៈអភិបាលរងខេត្ត លោក លោកស្រី គណៈអភិបាលក្រុង/ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ លោកប្រធាន អនុប្រធានមន្ទីរ ជំនាញជុំវិញខេត្តជាច្រើនរូប ។

ក្នុងឱកាសនោះដែរលោក ជា ថាវរិទ្ធ ស្នើឱ្យបណ្តាមន្ទីរ អង្គភាព ទីចាត់ការ និងអង្គភាព យកចិត្តទុកដាក់ខ្ពស់ក្នុងការពិនិត្យ និងកែសម្រួលទិន្នន័យ នូវសកម្មភាពឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីត្រៀមសម្រាប់ដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត។ ក្រុមការងារតែងតែមានកិច្ចប្រជុំមុនដាក់ឯកសារជូនក្រុមប្រឹក្សាខេត្ត កន្លងមករបាយការណ៍ប្រចាំត្រីមាស និងរបាយការណ៍ប្រចាំខែ របស់មន្ទីរ អង្គភាព ទីចាត់ការ និងអង្គភាព ព្រមទាំងមានភាពល្អប្រសើរ ជាមួយគ្នានេះដែរ សូមឱ្យបង្កើនការយកចិត្តទុកដាក់បន្តទៀត។ 

ម្យ៉ាងវិញទៀត សូមឱ្យពិនិត្យ និងលើកយកផែនការដែលបានលើកឡើងក្នុងខែមុន តើបានអនុវត្តបានស្របតាមផែនការដែរឬទេ ព្រមទាំងលើកផែនការឱ្យបានសមស្របបំផុត ដើម្បីឆ្លើយតបនិងគោលដៅរបស់អង្គភាព មន្ទីរ និងទីចាត់ការ អង្គភាពរបស់ខ្លួន។

លោក ជា ថាវរិទ្ធ ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់អាជ្ញាធរ ស្រុក ក្រុង ឃុំ សង្កាត់ និងមន្ទីរ អង្គភាពរួមទាំងកងកម្លាំងប្រដាប់ អាវុធទាំង៣ប្រភេទ ដែលបានខិតខំអនុវត្តតួនាទីភារកិច្ច ប្រកបដោយប្រសិទ្ធិភាព ក្នុងការចូលរួមគាំទ្រ គោលនយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល កម្ពុជា ជាពិសេសបានចូលរួមក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុខសន្តិភាព ការបម្រើសេវា សាធារណៈបានល្អ និងបានកសាងសមិទ្ធផលនានានៅតាម មូលដ្ឋានលេចជារូបរាង្គ ដែលជាការរួមចំណែកឲ្យខេត្តស្ទឹងត្រែងយើង មានភាពរីកចំរើនជាបន្តបន្ទាប់។

ជាមួយគ្នានេះលោក អភិបាលខេត្តស្តីទី បានក្រើនរំលឹកដល់ បណ្តាមន្ទីរអង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការ អភិវឌ្ឍហេដ្ឋា រចនាម្ព័ន្ធនៅតាមមូលដ្ឋាន និងបម្រើសេវា សាធារណៈជូនប្រជាពលរដ្ឋទូទាំងខេត្ត និងបានដាក់ចេញនូវ ផែនការសំខាន់ៗមួយចំនួន ជាការឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ និងត្រូវបង្កើនការ ខិតខំយកចិត្តទុកដាក់បន្តទៀតលើការរក្សាសន្តិសុខ សណ្តាប់ ធ្នាប់ និងពង្រឹងការអនុវត្តគោលនយោបាយ “ភូមិ ឃុំ មាន សុវត្ថិភាព” នៅតាមក្រុង ស្រុក នឹងទប់ស្កាត់ បង្ក្រាប បទល្មើសព្រៃខុសច្បាប់គ្រប់រូបភាព នឹងការពារឲ្យបាន នូវ ធនធានធម្មជាតិ ៕

ដោយ៖ មាស សុផាត


ចែករំលែក៖