ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកនេះ​ រដ្ឋសភាបើកសម័យប្រជុំ លើកទី៧ នីតិកាលទី៦​

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំ លើកទី៧ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃសុក្រ ទី១ ខែមេសា ឆ្នាំ២០២២ ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន ៩៣រូប។

សូមបញ្ជាក់ថា, របៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ មានចំនួន ៤ គឺ៖

១- ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦។

២- របាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៦ និងលើកទី៧ នីតិកាលទី៦។

៣- ការបោះឆ្នោតជ្រើសតាំង លោក អ៊ុជ គឹមអន ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិថ្មី សម្រាប់អាណត្តិ ៩ឆ្នាំ ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៦ ។

៤- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការការពាររុក្ខជាតិ និងភូតគាមអនាម័យ។

មុននឹងចាប់ផ្តើមសម័យប្រជុំរដ្ឋសភាតាមរបៀបវារៈ អង្គសភាបានអនុម័តយល់ព្រមលើសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៦ ចំនួន ៣រូប ដែលមានរាយនាមដូចតទៅ៖ ១- លោក សត្យា វុធ ២- លោក សុខ ផេង ៣- លោក សេរី កុសល ៕

ដោយ ៖ សិលា


ចែករំលែក៖