ភ្នំពេញ ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, មិនទាន់បាន ២សប្តាហ៍បន្ទាប់ពីក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់កម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS 15.4 ក្រុមហ៊ុនបានធ្វើបច្ចុប្បន្នភាពកម្មវិធីនេះសារជាថ្មី និងបានដាក់ឱ្យប្រើប្រាស់នូវជំនាន់ iOS 15.4.1 ដើម្បីធ្វើការកែសម្រួលដោយសារតែថ្មរបស់ទូរសព្ទ iPhone ត្រូវបានប្រើអស់លឿនជាងប្រក្រតី។
អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានលើកឡើងថា, ជាមួយនឹងការធ្វើបច្ចុប្បន្នភាពនេះ Apple ក៏បានធ្វើការកែសម្រួលបញ្ហាសុវត្ថិភាពជាមួយនឹង AppleAVD ដែលអាចឱ្យជនខិលខូចដំណើរការកូដដោយពុំមានការដាក់កំណត់នៅក្នុងប្រព័ន្ធប្រតិបត្តិការរបស់ទូរសព្ទ(Kernel privileges)។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីក្រុមហ៊ុនបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS 15.4 មានអ្នកប្រើប្រាស់ជាច្រើនបានធ្វើការរអ៊ូរទាំដោយសារតែថ្មទូរសព្ទរបស់ពួកគេត្រូវបានប្រើអស់លឿនជាងមុន។
អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ជាក់ថា, ដូច្នេះដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ទូរសព្ទ ជាពិសេសប្រសិនបើលោកអ្នកមានបញ្ហាជាមួយនឹងថ្មទូរសព្ទបន្ទាប់ពីធ្វើបច្ចុប្បន្នភាពកម្មវិធីទៅជំនាន់ iOS 15.4 លោកអ្នកគួរតែធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS ឱ្យបានឆាប់រហ័សដើម្បីកែសម្រួលភាពចន្លោះប្រហោងនេះ។ ដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធីនៅក្នុងទូរសព្ទ លោកអ្នកអាចចូលទៅក្នុង Settings > General > Software Update៕
ដោយ ៖ សិលា